ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតគ្រឿងញៀន និងកាំភ្លើងកែច្នៃ១ដើម

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ ធ្វើការឃាត់ខ្លួន និងឆែកឆេរកឃើញថ្នាំញៀន ១កញ្ចប់តូច និងកាំភ្លើងកែច្នៃ១ដើម កាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ២នាក់ខាងលើ ទី១ឈ្មោះ សុំ ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងខណ្ឌទួលគោក និងទី២ឈ្មោះ ហ៊ុន ច័ន្ទផលឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ១០៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែបានជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់នៅបទល្មើសផ្សេងៗ ហើយក៏ឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូ១គ្រឿង ក៏សង្ស័យបានធ្វើការឃាត់ខ្លួន និងឆែកឆេរកឃើញម្សៅក្រាមពណ៌សថ្លា មួយកញ្ចប់តូច និងកាំភ្លើងកែច្នៃ មួយដើម មានគ្រាប់ មួយគ្រាប់ និងម៉ូតូ មួយគ្រឿង ម៉ាក ហុងដាគ្លីច ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1B-4980។ ក្រោយមកកម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីធ្វើការសួបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់