ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា៖ អំពាវនាវឲ្យមានការធ្វើសមយុទ្ធយោធា បន្ទាប់ពីការគំរាមកំហែងរបស់លោក ត្រាំ

វ៉េណេស៊ុយអេឡាៈ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវឲ្យមានការធ្វើសមយុទ្ធយោធា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍ប្រដាប់អាវុធ នៅក្នុងប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

ថ្លែងកាលពីថ្ងៃចន្ទលោក Maduro នៅតែទទូចចង់ចរចា ជាមួយមេដឹកនាំអាមេរិក បន្ទាប់ពីការគំរាមប្រើជម្រើសយោធា ចំពេលមានការតវ៉ាដោយអំពើហិង្សានៅក្នុងប្រទេស ប៉ុន្តែលោកក៏បានប្រាប់ដល់ក្រុមអ្នកគាំទ្រខ្លួន នៅទីក្រុងការ៉ាកា ឲ្យរៀបចំខ្លួនផងដែរ ដើម្បីទប់ទល់សម្រាប់ការឈ្លានពានរបស់«ចក្រពត្តិនិយម» ។

សូមជំរាបថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ​ អនុប្រធានប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រាប់ទៅលោក Maduro ថា មិនចាំបាច់មានការព្រួយបារម្ភទៅលើការនិយាយរបស់លោក ត្រាំ នោះទេ ដោយបានអះអាងថា នឹងប្រើដំណោះស្រាយសន្តិភាព ដើម្បីផ្ដួលរលំរបបផ្តាច់ការ នៅក្នុងប្រទេសមួយនេះ។

ក្នុងនោះលោក Pence បានបន្ថែមថា «ប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកនឹងមិនឈរឱបដៃមើល ឲ្យប្រទេសវ៉េណេស៊ុយអេឡា ធ្លាក់ចូលទៅក្នុងរបបផ្តាច់ការទ្បើយ៕

មតិយោបល់