ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់បានប្រើអំពើហិង្សា ដោយយកស្បែកជើងវាយបណ្តាលឲ្យបុរសអ្នករត់ ម៉ូតូឌុបម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន ក្រោយពីកើតហេតុស្ត្រីបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែជនរងគ្រោះនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិឃ្លាំងសាំង ក្រុមទី៧ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បុរសរងគ្រោះឈ្មោះ ទឹម សុម៉េធ អាយុ ៤៧ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ភូមិឃ្លាំងសាំង ក្រុមទី៧ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯស្ត្រីដែលជាជនបង្កមានឈ្មោះ ខៀវ ចាន់ធឿន អាយុ ៣៧ឆ្នាំ (ជាជនសង្ស័យ) មិនត្រូវបានស្គាល់ទីលំនៅនោះឡើយ។
ប្រភពព័ត៌មានពីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់បានចាកចេញពីរូបគាត់ទៅរស់នៅកន្លែងផ្សេងប្រមាណជិត ៣ឆ្នាំមកហើយ ដោយនៅក្នុងអំឡុងពេលដែលចាកចេញទៅនោះ ប្រពន្ធរបស់គាត់តែងតែមករករឿងដេញគាត់អោយចេញពីផ្ទះ ប៉ុន្តែ រូបគាត់មិនព្រមចេញនោះទេ ដោយសារតែផ្ទះនេះ រូបគាត់បានខិតខំរកស៊ីសន្សំលុយទុកទិញផ្ទះនេះយ៉ាងលំបាកទម្រាំបានរស់នៅដល់សព្វថ្ងៃនេះ។
បុរសរងគ្រោះខាងលើបានបន្តទៀតថា ស្រាប់តែដល់ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ប្រពន្ធរបស់គាត់បានជិះម៉ូតូ មួយគ្រឿង ម៉ាកឃ្លីគ ពណ៌ស ពាក់ស្លាកលេខ អហ មិនចាំលេខ មកតែម្នាក់ឯង បានដើរមកគោះទ្វារ ព្រមទាំងស្រែកឡូឡាបង្ករឿងទាំងព្រឹក ខណៈនោះ រូបគាត់ក៏បានទៅបើកទ្វារ ស្រាប់តែពេលនោះ ប្រពន្ធរបស់គាត់បានដោះស្បែកជើង ហើយបានស្ទះមកវាយចំក្បាលរបស់គាត់ពីក្រោយចំហៀងខាងឆ្វេងចំនួន ២ទៅ ៣ស្បែកបណ្តាលឲ្យក្បាលរបស់គាត់បែកហូរឈាមស្រោចខ្លួន។ ភ្លាមៗនោះ ប្រពន្ធរបស់គាត់ក៏បានស្រែកគំរាមថា ទៅប្តឹងដល់ទីណាក៏ប្តឹងទៅក៏អញ់មិនខ្លាចដែរ។
ក្រោយពីបង្កហេតុរួចមក ស្ត្រីដែលជាប្រពន្ធក៏បានដើរសំដៅទៅឡើងជិះម៉ូតូចេញទៅបាត់។ ចំណែកឯ បុរសរងគ្រោះខាងលើ ក៏បានរត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ ដើម្បីជួយអន្តរាគមន៍ និងស្វែងរកស្ត្រីខាងលើយកមកដាក់ទោសតាមផ្លូវច្បាប់៕
មតិយោបល់