ព្រះសីហនុៈ លោក អែតដា ដូរ៉ាមី អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុថ្លែងថា ក្នុងឱកាសសហការជាមួយមន្ត្រីអង្គភាពពាក់ពន្ធ័ចុះពិនិត្យគុណភាពម្ហូបអាហារនៅផ្សារលើក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមរកឃើញបង្គារក្លាស្សេ មានដាក់លាយសារធាតុគីមីហ្វរ័ម៉ុលចំនួនជាង១៣គីឡូក្រាម ដែលអាជីវករដាក់លក់នៅផ្សារលើក្រុងព្រះសីហនុ។
ក្រោយការរកឃើញមន្ត្រីជំនាញកាំកុងត្រូលបានដកហូតយកទៅកំទេចចោលតាមនិតិវិធី មិនអនុញ្ញាតអោយដាក់លក់បន្តទៀតឡើយ ដោយសំអាងថា ករណីអាហារសមុទ្រមានលាយសារធាតុគីមីហ្វរ័ម៉ុលនេះ នឹងប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោកអនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុថ្លែងបញ្ជាក់ថា ករណីនេះមន្ត្រីជំនាញបានអប់រំណែនាំអោយអាជីវករពាក់ពន្ធ័ទាំងអស់ចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ មិនអោយមានការដាក់លាយសារធាតុគីមីក្នុងចំណីអាហារ ក្នុងនោះទាំងអាជីវករបោះដុំ និងទាំងអាជីវករលក់រាយ ហើយថាគ្រប់ករណីរកឃើញ អាជីវករពាក់ពន្ធ័នឹងខាតបង់តាមរយៈការដកហូតពីមន្ត្រីកាំកុងត្រូលដោយពុំមានការលើកលែង។ បន្ទាប់មក នៅថ្ងៃដ៍ដែលនេះ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុនិងមន្ត្រីពាក់ពន្ធ័ ក៏បាននាំយកបង្គាក្លាស្សេមានលាយសារធាតុគីមីនេះយកទៅកំទេចចោលភ្លាមៗផងដែរ៕
មតិយោបល់