ព័ត៌មានជាតិ

ឪពុកជនរងគ្រោះ សុំឲ្យតុលាការដាក់គុកក្រុមចោរប្លន់ អុំ សួស្តី និងបក្ខពួក អស់មួយជីវិត!

ភ្នំពេញៈ គេនៅមិនទាន់ភ្លេចឡើយនៅវីដេអូដែលគេបង្ហោះលើបណ្តាញហ្វេសប៊ុក អំពីសកម្មភាពក្រុមចោរបានបាញ់ប្រហារជនរងគ្រោះក្នុងរថយន្តម៉ាក Lexus GS300 ដើម្បីប្លន់ទ្រព្យសម្បត្តិនៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ ដែលបានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងស្ត្រី២នាក់រងរបួស។

សំណុំរឿង ប្លន់សម្លាប់ជនរងគ្រោះនេះត្រូវបានលោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសហើយនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។

លោក ខាំ សុផារី តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ អ៊ុ សួស្ដី ហៅពៅ ហៅ ក្បាលធំ ភេទប្រុស អាយុ ៣៣ឆ្នាំ និងឈ្មោះ ចាន់ ដារ៉ារិទ្ធ ហៅប៉ែត ភេទប្រុស អាយុ ២៧ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារមរណៈភាពជនរងគ្រោះ បទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត បទ មិនរាងចាលក្នុងបទឧក្រិដ្ឋ និងបានបន្ថែមបទចោទប្រកាន់ថ្មីមួយទៀត គឺបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្ត កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្លូវលេខ ២០៧ នៅផ្ទះលេខ១៤B ក្បែរផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន យោងតាមមាត្រា ៨៥ មាត្រា ២០០ មាត្រា ៣៥៣ មាត្រា ៣៦០ និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

ជនរងគ្រោះរួមមាន៖
-ទី១ឈ្មោះ ចាន់ សុខជា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជានិស្សិត ស្នាក់នៅផ្ទះ កើតហេតុ រងរបួសចំក្បាល២គ្រាប់ហើយបានស្លាប់ពេល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
-ទី២ឈ្មោះ ចាន់ ស្រីប៉ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ ជាសិស្ស ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ ចាន់ សុខជា
– និងទី៣ឈ្មោះ នេត សុធារ័ត្ន ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ ជានិស្សិត ស្នាក់នៅសង្កាត់ ដង្កោ ខណ្ឌដង្កោ (រងរបួសជើង)ជា គូដណ្ដឹង របស់ជនរងគ្រោះឈ្មោះ ចាន់ សុខជា ។

ជនជាប់ចោទឈ្មោះ អុំ សួស្តី បានសារភាពថា នៅយប់កើតហេតុខ្លួន និងបក្ខពួកឈ្មោះ ចាន់ ដារ៉ារិទ្ធ ហៅ ប៉ែត និងឈ្មោះ ភ័ណ្ឌ (រត់គេចខ្លួន) បានជិះម៉ូតូតាម រថយន្តរបស់ជនរងគ្រោះ។ លុះដល់កន្លែងកើតហេតុ ជនរងគ្រោះ ស្ត្រី២នាក់ បានចុះទៅបើកទ្វាផ្ទះ ឈ្មោះ ចាន់ ដារ៉ារិទ្ធ បានចុះទៅ ឆក់កាបូប និងទូរសព្ទពីជនរងគ្រោះ ប៉ុន្តែជនរងគ្រោះ ឈ្មោះ ចាន់ សុខជា នៅក្នុងរថយន្ត បានបើកបុកឈ្មោះ ចាន់ ដារ៉ារិទ្ធ ទើបខ្លួនបានបាញ់ចំនួន ៤គ្រាប់។

ជនជាប់ចោទឈ្មោះ ចាន់ ដារ៉ារិទ្ធ ហៅប៉ែត បានឆ្លើយថា នៅថ្ងៃកើតហេតុខ្លួនពិតជាអ្នកចុះទៅឆក់ទូរសព្ទ និងកាបូប របស់នារីរងគ្រោះទាំង២នាក់មែន ហើយឈ្មោះ អុំ សួស្តី ជាអ្នក បាញ់សម្លាប់ជនរងគ្រោះបុរសជាអ្នកបើករថយន្ត។

ជនជាប់ចោទបានសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារ ២លើករួចមកហើយ ពាក់ព័ន្ធករណី ប្លន់ដូចគ្នានេះ។

លោក ចាន់ ដារ៉ា ជាឪពុក និងជាដើមបណ្ដឹងតំណាងឲ្យជនរងគ្រោះឈ្មោះ ចាន់ សុខជា និងជនរងគ្រោះឈ្មោះ ចាន់ ស្រីប៉ និងកញ្ញា នេត សុធារ័ត្ន ជាជនរងគ្រោះ និងជាដើមបណ្ដឹងម្នាក់ដែរ មិនបានប្តឹងទាមទារសំណងអ្វីឡើយពីជនជាប់ចោទ គឺពួកគាត់បានសុំណូមពរឲ្យតុលាការផ្តន្ទាទោស ដាក់គុក ជនជាប់ចោទអស់មួយជីវិត។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ អុំ សួស្តី ហៅពៅ ហៅ ក្បាលធំ ជាទណ្ឌិតពាក់ព័ន្ធករណីប្លន់ (ជាប់គុក៨ឆ្នាំ) បានលួចរត់ចេញពីពន្ធនាគារ នៅគ្រាដែលរូបគេត្រូវបានបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរទេព្យរុស្ស៊ី។

គួររំលឹកថា ឈ្មោះ អ៊ុ សួស្ដី ហៅពៅ ហៅ ក្បាលធំ និងឈ្មោះ ចាន់ ដារ៉ារិទ្ធ ហៅប៉ែត ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីម៉ោង១៣ និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដកហូតបាន អាវុធ៣ដើម រួមមាន កាំភ្លើងម៉ាក M16កាត់ ចំនួន០១ដើម កាំភ្លើងម៉ាក Bareta ចំនួន ០១ដើម អាវុធខ្លី ម៉ាក អាល់ស្តា ចំនួន ០១ដើម និងសម្ភារៈសម្រាប់ធ្វើសកម្មភាពប្លន់មួយចំនួនទៀត។

ទោះយ៉ាងណាសំណុំរឿងនេះតុលាការបានលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ខាងមុខវិញ៕

https://youtu.be/-DzQWgSvQKY

មតិយោបល់