ព័ត៌មានជាតិ

កុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយ បុកនឹងកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះកងពលតូច៧១១ដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈជិះម៉ូតួមួយគ្រឿងត្រូវរថយន្តរបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវជាតិលេខ៣ ភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ លិន ភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CZ-8148 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តរបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-5551 ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយស៊ីញ៉ូឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូគាបជាប់ក្រោមរថយន្តតែម្តង។

ក្រោយពេលកើតហេតុ តៃកុងរថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានរថយន្តកងពលតូច៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដស្រាយពេលក្រោយ៕

https://youtu.be/MNl-k-0cHKY

មតិយោបល់