ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ គេចខ្លួនបានបួនថ្ងៃ ត្រូវជាប់ដៃរបស់សមត្ថកិច្ច

មណ្ឌលគិរីៈ នៅវេលាម៉ោង១៩និង៣៤នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ដែលបានលួចម៉ូតូម៉ាកC125 ស៊េរី២០១៦ នៅស្រុកកោះញែក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៤០ នាទីទៀបភ្លឺ នៅចំណុចផ្ទះឈ្មោះ អ័ន់ ស្រីល័ក្ខ ភេទស្រី ត្រូវជា (ម្ចាស់ម៉ូតូ) ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ។

ក្រោយទទួលបានបណ្តឹងភា្លម កម្លាំងនគរបាលស្រុកកោះញែក បានអន្តរាគមន៍ដោយដេញតាមពីក្រោយ រីឯកម្លាំងនគរបាល ក្រុងសែនមនោរម្យ និងកម្លាំងស្រុកពេជ្រាដា កម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តស្ទាក់ខាងមុខធ្វើអោយជនសង្ស័យ ផ្តួលម៉ូតូចោលរួចរត់ចូលព្រៃ ។ ទើបតែវេលាម៉ោង១៩ និង៣៤នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ទើបកម្លាំងរបស់សមត្ថកិច្ច តាមចាប់ខ្លួនជនសង្ស័យបាន នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់