ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំក្នុងសង្កាត់ទួលសង្កែ៤កន្លែង!

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានចុះធ្វើការត្រួតពិនិត្យទីតាំងបញ្ចាំចំនួន៤កន្លែង ទីតាំងទី១យីហោ ប៊ុន ធួន ស្ថិតនៅផ្ទះលេខ០០១៦ ទីតាំងទី២យីហោ សេរី ម្លិសII ទីតាំងផ្ទះលេខ៤០៥ ទីតាំងទី៣យីហោ ចែ មានហេង ស្ថិតនៅផ្ទះលេខ និងទីតាំងទី៤ យីហោ សេរី ម្លិសI ស្ថិតនៅផ្ទះលេខ២៨៨BEo នៅតាមបណ្តោយផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទាំង៤កន្លែង។

ប្រតិបត្តិការចុះឆែកឆេរនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅមូលដ្ឋានខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ប្រាជ្ញា សីហា អភិបាលរងខណ្ឌ និងមានការសម្របសម្រួលដោយលោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន។

នៅពេលចុះមកដល់ទីតាំងទាំង៤ខាងលើគណៈកម្មការយើងពិនិត្យឃើញថា មានអាជ្ញាបណ្ណអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុលេខ០០៥ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ហត្ថលេខាដោយលោក អូន ព័ន្ធមុន្នីរ័ត្ន ហើយម្ចាស់ទីតាំងសេវាកម្ម ក៏បានយល់ព្រមសហការណ៍ជាមួយគណៈកម្មការចម្រុះផងដែរ។

ជាមួយគ្នានោះ លោក ជា ពិសី ក៏បានធ្វើការណែនាំរបស់តម្រូវឲ្យម្ចាស់ទីតាំងសេវាកម្មអាជីវកម្មទទួលបញ្ចាំទាំងនោះ ត្រូវបញ្ឈប់ការទទួលបញ្ចាំ២៤ម៉ោង ដោយតម្រូវឲ្យពួកគាត់បើកធ្វើអាជីវកម្មតែពេលថ្ងៃតែប៉ុណ្ណោះ។ បើសិនពួកគាត់មិនគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរទេ អាជ្ញាធរ និងចាត់វិធានការតាមផ្លូវច្បាប់។

ក្រោយបញ្ចាប់ប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរ និងត្រួតពិនិត្យរកឃើញមាន២ទីតាំង ទីតាំងទី១ ដែលមានស្លាកយីហោ ប៊ុនធួន មានអញ្ញាប័ណ្ណបើកអាជីវកម្មត្រឹមត្រូវ តែបានផុតការកំណត់ និងមានម៉ូតូ២គ្រឿង គ្មានលិខិតស្នាមត្រឹមត្រូវ រួចត្រូវបានដកហូតយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទួលសង្កែ ចំណែកទីតាំងទី២ ដែលមានយីហោ សេរី ម្លិសII មានអញ្ញាប័ណ្ឌបើកអាជីវកម្មត្រឹមត្រូវ ចំណែកឯម៉ូតូចំនួន២គ្រឿង គ្មានលិខិតស្នាមត្រឹមត្រូវ។

គួរំលឹកផងដែរ កាលពីរសៀលថ្ងៃទី៨ ខែសីហា កន្លងមកនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលពីលោកអភិបាលរងរាជធានី ៤រូប ស្នងការរាជធានី ស្ថាប័ណ្ណតុលាការមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១២ និងមន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយដោយជម្រុញឲ្យសមត្ថកិច្ចទាំងអស់មានវិធានការទាំងកុងស៊ីបញ្ចាំនានានៅក្នុងមូលដ្ឋានទោះបីជាមានច្បាប់ឬក៏អត់ច្បាប់។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានស្នើធ្វើឲ្យអនុវត្តការងារនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត មានន័យថា មូលដ្ឋានខណ្ឌទាំង១២ត្រូវត្រួតពិនិត្យទីតាំងកុងស៊ីបញ្ចាំ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវចាត់វិធានការណែនាំឲ្យម្ចាស់អាជីវកម្ម ត្រូវតែបញ្ឈប់ ឬក៏បិទកុងស៊ី ហើយស្នើសុំច្បាប់សាជាថ្មី។ ក្នុងករណីដែលមិនព្រមទេ ខណ្ឌខ្លួនឯងត្រូវមានវិធានការរដ្ឋបាល បិទទីតាំងកុងស៊ីបញ្ចាំនោះតែម្តង។ ដូចគ្នានេះដែរ បើទោះជាទីតាំងហាងបញ្ចាំ ឬក៏កុងស៊ីបញ្ចាំ មានច្បាប់ក៏ដោយ គឺត្រូវធ្វើការត្រួតពិនិត្យផងដែរ ដើម្បីឲ្យដឹងថា ការអនុវត្តច្បាប់លើកុងស៊ីបញ្ចាំនេះមានលក្ខណគ្រប់ជ្រុងជ្រោយហើយឬនៅ។

លោក ឃួង ស្រេង បានលើកជាឧទារណ៍ថា កុងស៊ីរបស់ពួកគាត់មានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការប្រកបអាជីវកម្មបញ្ចាំ ប៉ុន្តែមានករណីយករបស់របរ រថយន្ត ម៉ូតូ ដោយគ្មានលិខិតស្នាមបញ្ជាក់អំពីភាពជាម្ចាស់ទ្រព្យសម្បត្តិទាំងអស់នេះ ដោយកុងស៊ីមួយចំនួនក៏ទទួលយកដែរ។ បញ្ហានេះជាការបង្ហាញអំពីការមិនទទួលខុសត្រូវចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដូចជាករណីចោរលួច ចោរប្លន់ ក្រោយពេលធ្វើសកម្មភាពបានហើយ គឺមិនមានឯកសារលើទ្រព្យសម្បត្តិនោះទេ ហើយកុងស៊ីទាំងអស់នោះហើយ គឺជាអ្នករកស៊ីទទួលបញ្ចាំ និងទិញផលចោរកម្មនេះ។ នៅក្នុងកិច្ចការនេះ លោកអភិបាល បានសង្កត់ធ្ងន់យ៉ាងខ្លាំងៗរហូតណែនាំដល់ខណ្ឌទាំងអស់ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាតក្នុងរយៈពេលយ៉ាងយូរ ២សប្តាហ៍ ហើយការកំណត់រយៈពេល ២សប្តាហ៍នេះ គឺដើម្បីឲ្យខណ្ឌទាំង១២ ចាត់តាំងអនុវត្តទៅលើការងារកុងស៊ីបញ្ចាំនេះ ឲ្យមានប្រសិទ្ធភាព និងចៀសឲ្យបាននិងបញ្ឈប់វប្បធម៌អន្តរាគមន៍។

ហើយត្រូវអនុវត្តតាមការណែនាំនេះ ទើបនៅព្រឹកថ្ងៃពុធ ទី១៦ សីហានេះ អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌបានចុះឆែកឆេរ និងត្រួតពិនិត្យហាងបញ្ចាំខាងលើនេះតែម្តង៕

មតិយោបល់