ព័ត៌មានជាតិ

នាយកសាលាបឋមសិក្សាព្រៃម្លូម្នាក់ ត្រូវបានរថយន្តបុកកិនខ្ទេចខ្លួនស្លាប់យ៉ាងរន្ធត់ នៅតាកែវ!

តាកែវៈ លោកអធិការងស្រុកទ្រាំងទទួលបន្ទុកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កឡើងរវាងរថយន្តដឹកដីបុកកិនជាមួយម៉ូតូ បណ្តាលឲ្យបរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិកំពង់ជ្រៃ (ផ្សារកំពង់ជ្រៃ) ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា រយន្តនិងម៉ូតូជនរងគ្រោះ គឺបានបើកបរក្នុងទិសដៅផ្សេងគ្នា ដោយបានដឹងថារយន្តបង្កហេតុនោះមានម៉ាកហ៊ីណូ (ប្រភេទបែន) ពណ៌ទឹកប៊ិច ពាក់ស្លាកលេខចង្កូតស្តាំ PP-2447 អ្នកបើកបររត់គេចខ្លួនបាត់ ដោយពុំបានស្គាល់អត្តសញ្ញាណទេ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជួន សារ៉េត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅក្នងភូមិទួលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ 1J-9149 បានបើកបរមកពីទិសខាងកើតមកលិច ពេលមកដល់កន្លែងកើតហេតុជនរងគ្រោះក៏បានធ្វើការកាច់ចង្កូតដើម្បីបត់ឡើងស្តាំមកទិសខាងជើង ខណៈនោះស្រាប់តែរយន្តបង្កហេតុមកបុក ហើយកិនពីលើជនរងគ្រោះបណ្តាលឲ្យបែកខួរស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅក្នុងអធិការស្រុកទ្រាំង ចំណែកសាកសពជនរងគ្រោះត្រូវបាន ប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់