ព័ត៌មានជាតិ

ចុម! បុកគ្នាហើយ ពាក់អាវដូចគ្នាទៀត!!

ភ្នំពេញៈ រថយន្តព្រុស មួយគ្រឿងបើកបរដោយនារីស្រស់ស្អាតម្នាក់ បត់លឿនពេកមិនប្រយ័ត្នធ្វើឲ្យយុវជនម្នាក់ជិះម៉ូតូ មួយគ្រឿងចាប់ហ្រ្វាំមិនទាន់ក៏ជ្រុលចង្កូតទៅបុកកាងខាងមុខ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវកែវចិន្តា ត្រង់ចំណុចមុខផ្សារកសិករជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយនបង្កម៉ាក តូយ៉ាតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AI-1627 បើកបរដោយស្ត្រីម្នាក់អាយុប្រហែលជាង៣០ឆ្នាំ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។ ចំណែកឯ ម៉ូតូរងគ្រោះម៉ាក ស៊ុយសាគីស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ1G-8579 បើកបរដោយយុវជនម្នាក់ឈ្មោះ រឿន រ័ត្ន អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ខនដូរ នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរតាមផ្លូវកែវចិន្ថា ក្នុងទិសដៅពីលិចទៅកើត ខណៈដែលមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រឡប់ក្រោយវិញយ៉ាងលឿន បន្ទាប់ពីបត់បានពាក់កណ្តាលផ្លូវ ក៏មានម៉ូតូរងគ្រោះបើកបរស្របទិសគ្នាតាមក្រោយក្នុងល្បឿងយ៉ាងលឿនដូចគ្នា លុះមកដល់ចំណុចកើតហេតុ ក៏ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកកាងខាងមុខផ្នែកចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករងការខូចខាតធ្លាក់កាងមុខ។

ក្រោយកើតហេតុម្ចាស់ម៉ូតូ និងម្ចាស់រថយន្តបានសម្របសម្រួលគ្នាដោយខាងភាគីរថយន្តបង្កសង់ថ្លៃខូចខាតឲ្យទៅភាគីខាងម៉ូតូចំនួន ១៥០ដុល្លារ ដើម្បីបញ្ចប់រឿង។ ចំណែកឯជនរងគ្រោះត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅឯមន្ទីរពេទ្យឯកជន៕

មតិយោបល់