ព័ត៌មានជាតិ

ម៉ូតូសេ១២៥ បោះពួយលឿនខ្លាំងពេក បុករថយន្តម៉ាកCRV ខូចខាតទាំងសងខាង!

ភ្នំពេញៈ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ មួយគឿងបោះពួយយ៉ាងលឿនទៅបុកនឹងរថយន្តម៉ាកCRV មួយគ្រឿងដែលកំពុងតែបើកបត់ បណ្តាលឲ្យរងរបួសស្រាល ចំណែកឯម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំដូចគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H-1109 មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចខាងលើក៏បើកបត់ឆ្វេង ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-4112មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បានទៅបុករថយន្តម៉ាកCRV ចំផ្នែកខាងមុខពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តកំពិត និង បែកកញ្ចក់ខាងមុខ។ ចំណែកឯម៉ូតូបាក់កង់ខាងមុខរងការខូចខាតយ៉ាងដំណំ ហើយបុរសអ្នកបើកបរម៉ូតូរងរបួសស្រាល។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកធ្វើការវាស់វែងរកខុសត្រូវ និងឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕

មតិយោបល់