ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីបុគ្គលិកខារ៉ាអូខេ ស្ពានមាស និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធប្រើប្រាស់ និងជួញដូរថ្នាំញៀន

ភ្នំពេញ: កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ តាមស្រាវជ្រាវឃាត់ខ្លួនស្រីៗ ជាប់សង្ស័យចំនួន៣នាក់ ក្នុងនោះមានម្នាក់ ជាបុគ្គលិកខារ៉ាអូខេ ស្ពានមាសពីបទប្រើប្រាស់ និងជួញដូរថ្នាំញៀន។

នគរបាលខណ្ឌឬស្សីកែវម្នាក់ បានឲ្យដឹងថា ការឃាត់ខ្លួនស្ត្រី៣នាក់នេះ ដកហូតបានក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន០៩កញ្ចប់តូចៗ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ស្ថិតនៅក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា យោងតាមការស៊ើបអង្កេតតាមជំនាញ បន្ទាប់ពីឃាត់ខ្លួនប៉ុន្មានម៉ោងក្រោយ គឺស្ត្រីជាប់សង្ស័យទី១៖ឈ្មោះ មាន ស្រីដា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ពីបទជួញដូរថ្នាំញៀន, ស្ត្រីសង្ស័យទី២៖ឈ្មោះ គឹម សាវឿន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបបុគ្គលិកខារ៉ាអូខេស្ពានមាស ស្នាក់នៅខារ៉ាអូខេស្ពានមាសនេះតែម្ដង ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ពីបទប្រើប្រាស់ថ្នាំញៀន, និងម្នាក់ទៀតឈ្មោះ មាន ច័ន្ទម៉ាលីស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខគ្មាន ក្រុមទី៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ពីបទប្រើប្រាស់ថ្នាំញៀន។

ស្ត្រីសង្ស័យទាំង៣នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពប្រើប្រាស់ និងជួញដូរថ្នាំញៀន ពេលនេះកំពុងស្ថិតក្រោមការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

មតិយោបល់