ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដង្កោ រួមមានអាជ្ញាធរខណ្ឌ កម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដឹកនាំដោយលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលើកនេះមានការចូលរួមពីសំណាក់លោក កុល បុណ ព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងគយផង បានបន្តចុះទៅធ្វើការត្រួតពិនិត្យទីតាំងបញ្ចាំ ដែលស្ថិតនៅក្បែរពន្ធនាគារព្រៃស ជាបន្តទៀត បន្ទាប់ពីដាក់កម្លាំងឡោមព័ទ្ធការពារនៅទីនោះអស់ពេញមួយយប់ ក្រោយពីប្រតិបត្តិការទទួលបរាជ័យ និងបានរកឃើញរថយន្តនៅក្នុងនោះចំនួន៣២គ្រឿង។
ប្រតិបត្តិការចុះឆែកឆេរនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ដោយមានការសង្ស័យថា ទីតាំងនោះមានស្តុករថយន្តគ្រប់ប្រភេទដែលទទួលបញ្ចាំពីភ្នំពេញ និងជាទីតាំងខុសច្បាប់គ្មានអាជ្ញារប័ណ្ណត្រឹមត្រូវនោះ ទើបថ្ងៃទី១៦ ខែសីហា ម្សិលមិញកម្លាំងគណៈ បញ្ជាការឯកភាព របស់ខណ្ឌដង្កោ បានចុះទៅធ្វើការឆែកឆេរ។ ប៉ុន្តែប្រិត្តិការខាងលើនេះ បានទទួលបរាជ័យដោយសារតែគ្មានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផង និងគ្មានការចូលរួមពីម្ចាស់ទីតាំងនោះផងដែរ។ ហើយក្នុងខណៈនោះកម្លាំងខាងលើបានចុះទៅកាន់ចំណុចខាងលើតាំងពីព្រឹក រហូតដល់ល្ងាចទើបកម្លាំងមួយចំនួនត្រូវបានដកថយ និងទុកមួយចំនួនទៀតធ្វើការឡោមព័ទ្ធពេញមួយយប់តែម្ដង។
ប្រភពពីនគរបាលដដែលបានបន្តឲ្យដឹងទៀតថា ម្ចាស់ទីតាំងទទួលបញ្ចាំ និងស្ដុករថយន្តដែលមានការសង្ស័យថា មានការខុសច្បាប់មួយនោះ ត្រូវបានគេស្គាល់ថាឈ្មោះ ឃឹម យ៉ូត អាយុ៥២ឆ្នាំ ហើយទីតាំងនោះបានបិទទ្វារចាក់សោរពីខាងក្រៅជាប់ មិនតែប៉ុណ្ណោះក្រៅពីការដាក់ស្លាកទទួលបញ្ចាំ ក៏បានដាក់ស្លាកលក់ដីបន្ទាន់ថែមទៀតផង។ ប៉ុន្តែលើកនេះម្ចាស់ទីតាំងមួយនេះ បានចូលរួមសហការណ៍ជាមួយកម្លាំងសមត្ថកិច្ច និងបានចាក់សោរបើកទ្វារឲ្យកម្លាំងចម្រុះ បានចូលទៅធ្វើការត្រួតពិនិត្យនៅក្នុងទីតាំងរបស់ខ្លួនហើយ នាវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៧ ខែសីហា ដដែលនោះ។
ប្រភពខាងលើបានបន្តទៀតថា ពេលចូលទៅដល់ឃើញមានរថយន្តស៊េរីទំនើប និងស៊េរីធម្មតា ដែលមានចំនួន៣២គ្រឿង ក្នុងនោះមានទាំងរថយន្តដឹកទំនិញទៀតផង ហើយកម្លាំងចម្រុះកំពុងធ្វើការត្រួតពិនិត្យ ដោយឃើញថារថយន្តទាំងនោះមានឯកសារគ្រប់គ្រាន់ទាំងអស់។
មិនតែប៉ុណ្ណោះសមត្ថកិច្ចបានអះអាងថា ក្រោយពេលធ្វើការត្រួតពិនិត្យរួចរាល់ទើបដឹងច្បាបស់ថា ទីតាំងកុងស៊ីបញ្ចាំរថយន្តខាងលើនោះគឺមានច្បាប់ត្រឹមត្រូវ ប៉ុន្តែម្ចាស់បានបង្កការលំបាកដល់កម្លាំងសមត្ថកិច្ចពេលចុះធ្វើការ ដោយមិនព្រមសហការណ៍តាំងពីថ្ងៃដំបូងមកឡើយ៕
https://youtu.be/EF4RuLXMQA4
មតិយោបល់