ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមជួញដូរគ្រឿងញៀន ២នាក់កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនោះ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបញ្ជូនពួកគេទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីហើយ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ៖
-ទី១ឈ្មោះ ចាន់ ហុងយុក ហៅ ពេជ្រ ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ សន្សំកុសល៣ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-ទី២ឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងសំណង់ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ
-និងទី៣ឈ្មោះ ជាតិ ជាម្ចាស់អាវុធខ្លី។
ប្រភពបន្ដថា រហូតដល់រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅមិនទាន់សម្រេចចោទប្រកាន់លើជនសង្ស័យទាំង៣នាក់នេះនៅឡើយទេ។
គួររំលឹកថា កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន និង កម្លាំងនគរបាលខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧បាន ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់កេសីវលក្ខណ៍ ផ្លូវលេខ៣៧១ ក្រុមទី១ ភូមិ ត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចបាន ដកហូតវត្ថុតាងមួយចំនួនរួមមាន៖
-ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន មេតំហ្វេតាមីនចំនួន ១៧កញ្ចប់ (ចំនួន ៦កញ្ចប់ធំ និង១១កញ្ចប់តូច)
-គ្រឿងញៀនប្រភេទ WY ដែលកិនរួចមានចំនួន ២ថង់តូច
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង
-ស្លាបព្រាសម្រាប់ចូកគ្រឿងញៀនចំនួន ០១
-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ
-ទូរសព្ទដៃចាស់ចំនួន ២គ្រឿង
-និងអាវុធខ្លីម៉ាកកា៥៤ លេខ ២២៥០ ចំនួន ០១ដើម ដែលមានបង់ចំនួន ០១ និងគ្រាប់ចំនួន ៧គ្រាប់៕
https://youtu.be/rKPp1wxeodg
មតិយោបល់