ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌទួលគោកបានឲ្យដឹងថា លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ បានសម្រេចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឆាយ ស៊ិនហូ ហៅ ទូ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធករណីវាយសម្លាប់យាយបង្កើត។
ប្រភពបន្ដថា ការសម្រេចឃុំខ្លនបានធ្វើឡើងក្រោយពេលដែលលោក ហោ លីណា ជាតំណាងអយ្យការបាន បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ ឆាយ ស៊ិនហូ ហៅ ទូ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវ៥៨២ ហ្សេត ក្រុមទី៥៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ ឃាតកម្មគិតទុកជា ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅផ្ទះជនត្រូវចោទយោងតាមមាត្រ ២០០នៃក្រមព្រហ្មទណ្ឌ។
បើតាមមាត្រានេះ ជនត្រូវចោទអាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
គួររំលឹកថា សមត្ថកិច្ចខណ្ឌទួលគោក បានឃាត់ខ្លួនជនត្រូវចោទខាងលើកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧កន្លងទៅ បន្ទាប់ពីរូបគេបាន យកឈើជ្រុងវាយក្បាលជនរងគ្រោះ ឈ្មោះ ក្រួច សុខា ភេទស្រីអាយុ ៧៥ឆ្នាំ មុខរបរ រើសអេតចាយ ជាយាយបង្កើត ចំពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ករណីវាយសម្លាស់យាយបង្កើតនេះបានកើតឡើងនៅចំណុចក្នុងផ្ទះលេខ២៤ ផ្លូវ៥៨២ ហ្សេត ក្រុមទី៥៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
មតិយោបល់