ព័ត៌មានជាតិ

ខឹងតុលាការកាត់ឲ្យចាញ់ក្តីរឿងដីវត្ត ព្រះសង្ឃ និងប្រជាជនមិនសុខចិត្ត ឡើងតវ៉ា ផ្អើលពេញមុខតុលាការ

កណ្តាលៈទំនាស់ដីធ្លីរបស់វត្តដ៏រាំរ៉ៃមួយកន្លែងស្ថិតនៅក្នុងវត្តសំរោងធំ ភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រវាងព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តជាង១០០អង្គ/នាក់មានក្តីក្តាំគ្នាជាមួយបុគ្គល៦នាក់រយៈពេលជាង១១ឆ្នាំហើយ ចាប់ពីសាលាដំបូងរហូតដល់ឧទ្ធរណ៍ និងតុលាការកំពូល បានកាត់ក្តីឲ្យខាងភាគីព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តចាញ់ក្តី ។ ដោយទទួលរងនូវភាពអយុត្តិធម៌ជាទីបំផុតបែបនេះធ្វើឲ្យពួកគាត់កើតទុកមិនសុខចិត្តបាននិមន្ត និងនាំគ្នាឡើងទៅតវ៉ានៅមុខតុលាការកំពូលកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដើម្បីស្វែងរកយុត្តិធម៌ ទាមទារយកដីរបស់វត្តមកទុកជាសម្បត្តិរួមវិញ ដាច់ខាតមិនឲ្យធ្លាក់លើដៃបុគ្គលឯកជនអ្នកដែលជាទមិឡឥតសាសនាមិនស្គាល់បាបមិនស្គាល់បុណ្យឃុបឃិតគ្នាចង់យកដីវត្តទៅលក់ឲ្យអ្នកមានលុយមានអំណាចឡើយ ។

លោក ប៉ែន ប៊ុនថា គណៈកម្មការវត្តសំរោងធំ មានប្រសាសន៏ថា ការនាំគ្នាទៅឈរនៅមុខបរិវេណតុលាការកំពូលនេះ គឺដើម្បីតវ៉ាទាមទារឲ្យតុលាការសម្រេចកាត់ក្តីឈរលើគោលការណ៍យុត្តិធម៌ ខណៈដែលដីរបស់វត្តមានប្លង់រឹងត្រឹមត្រូវ ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាន់កាប់ដឹងឮជាសាធារណៈហើយ បែរជាតុលាការកំពូលកាត់ក្តីឲ្យវត្តចាញ់ក្តីទៅវិញ រីឯភាគីដែលចង់បានដីវត្តគ្មានឯកសារអ្វីទាំងអស់ ឈ្នះក្តីដោយអយុត្តិធម៌បំផុត ។

ព្រះចៅអធិការវត្តសំរោងធំ ព្រះនាម យ៉ាន វណ្ណធឿន បានមានសង្ឃដីកាថា ករណីរឿងក្តីក្តាំដីវត្តជាង២ហិកតាជាមួយបុគ្គលឯកជននេះរយៈពេល១១ឆ្នាំហើយ ដោយចូលទៅសាលាដំបូងខេត្តឲ្យវត្តចាញ់ក្តី រហូតមកដល់ព្រឹកនេះសាលាឧទ្ធរណ៍កាត់ឲ្យវត្តចាញ់ក្តី និងប្រគល់ដីទៅឲ្យបុគ្គលឈ្មោះ ឈុំ មុន្នី នេះគឺជារឿងមិនប្រក្រតី ឬហៅថាជាអំពើពុករលួយ ដោយបុគ្គលឈ្មោះ ឈុំ មុន្នី មិនបានកាន់កាប់អាស្រ័យផលលើដីនោះទេ ចំណែកវត្តមានសាក្សីរស់ គឺប្រជាពលរដ្ឋនៅក្នុងភូមិ-ឃុំ និងមានដាំដើមឈើដុះច្រូងច្រាំង បែរជាតុលាការកំពូលកាត់ក្តីឲ្យវត្តចាញ់ដ៏អយុត្តិធម៌ទៅវិញ ។

ពាក់ព័ន្ធករណីខាងលើនេះ មិនអាចសុំការបំភ្លឺពីបុគ្គលឈ្មោះ ឈុំ មុន្នី ដែលជាភាគីឈ្នះក្តី និងចៅក្រមសម្រេចក្តីនោះទេ ។

ក្រុមប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត និងព្រះសង្ឃគង់នៅក្នុងវត្តសំរោងធំ មិនសុខចិត្តទៅនឹងការសម្រេចក្តីនោះទេហើយថា នឹងតវ៉ាទាមទារស្វែងរកយុត្តិធម៌ទៅព្រះមហាក្សត្រ និងសម្តេចនាយករដ្ឋមន្ត្រី ឬស្ថាប័នពាក់ព័ន្ឋដ៏ទៃទៀត ដើម្បីឲ្យជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ប្រគល់ដីនេះមកជាកម្មសិទ្ឋិរួមរបស់វត្តវិញ ហើយថា ទោះជាបង្ហូរឈាមក៏ត្រូវទាមទារដីនេះឲ្យបានមកជាសម្បត្តិរួមរបស់វត្តវិញ ព្រោះបើបាត់ដី ព្រះសង្ឃ និងប្រជាពលរដ្ឋនឹងបាត់ផ្លូវនិមន្តឬដើរចុះទៅទន្លេគ្រាន់ដឹកទឹកយកមកប្រើប្រាស់មុជ ដាំស្ល និងដឹកសត្វគោចុះទៅលាងទឹកទន្លេ ជាពិសេសផ្លូវនេះសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តកណ្តាល ធ្វើការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗទៅកាន់ទីផ្សារព្រោះជាចំណុចកំពង់ដរ៕

photo_2016-05-31_20-08-46photo_2016-05-31_20-08-52photo_2016-05-31_20-08-55photo_2016-05-31_20-08-59photo_2016-05-31_20-09-02

មតិយោបល់