បន្ទាយមានជ័យៈ ជនរងគ្រោះជាអ្នកនេសាទ ដាក់លបមុខ១០០ម្នាក់ បានស្លាប់ភ្លាមៗមុនបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីបំពងត្រីកំពតច្រើន នាំបងប្អូនញាំក្លែមស្រា និង៦នាក់ទៀតសង្គ្រោះទាន់ពេល។
ហេតុការណ៍ពុលត្រីកំពតនេះ កើតឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិស្មាច់ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះពុលរហូតដល់ស្លាប់ មានឈ្មោះ ឡេង ប៊ុនលឿត ភេទប្រុស អាយុ៣០ឆ្នាំ ចំណែក៦នាក់ផ្សេងទៀតដែលរងការពុលត្រីកំពតនេះដែរមាន ១,ឈ្មោះ ជួន ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ ,ទី២ឈ្មោះ គូ ទីប ភេទស្រី អាយុ៥២ឆ្នាំ, ទី៣ឈ្មោះ ចាន់ រាត្រី ភេទស្រី អាយុ១២ឆ្នាំ, ទី៤ឈ្មោះ ចាន់ វិជ្ជា ភេទប្រុស អាយុ១៧ឆ្នាំ ,ទី៥ឈ្មោះ ផាន់ សុផាត់ ភេទប្រុស អាយុ១៤ឆ្នាំ និងទី៦ឈ្មោះ ផាន់ រ័ត្ន ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យឯកជន មួយកន្លែងកណ្តាលទីរួមខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីជនរងគ្រោះម្នាក់ ក្នុងចំណោម៦នាក់ បានឲ្យដឹងថា មុនកើតហេតុពុលព្រោងព្រាតនេះ គឺជនរងគ្រោះដែលបានស្លាប់ បានដាក់ឡូបមុខ១០០ នៅក្នុងបឹងមួយកន្លែង ក្នុងភូមិកើតហេតុ បានត្រីកំពតជាច្រើន ហើយក៏នាំគ្នាបំពងក្លែមស្រា ហើយជនរងគ្រោះជាអ្នករកបានហូបច្រើនជាងគេ ប្រមាណជា២០ត្រី លុះប្រមាណជា១ម៉ោងក្រោយមក ទាំងខ្លួននិងបងប្អូនដ៏ទៃទៀតខាងលើ ស្រាប់តែមានអាការៈអស់កម្លាំង ស្ពឹកដៃជើង ក្អួតចង្អោរ រហូតដល់ម៉ោង១២យប់ដោយអាការៈកាន់តែធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនជាបន្តបន្ទាប់មកពេទ្យឯកជនក្នុងទីរួមខេត្តបន្ទាយមានជ័យ តែអកុសលជនរងគ្រោះដែលស្លាប់ខាងលើបានដាច់ខ្យល់ស្លាប់តាមផ្លូវ ។
ដោយឡែកបើតាមការឲ្យដឹងពីគ្រូពេទ្យ បានឲ្យដឹងថា ជនរងគ្រោះពិតជាមានអាការៈពុលពិតមែន តែរឿងពុលស្រា ឬត្រី ខាងជនរងគ្រោះនិយាថា ពួកខ្លួនពុលត្រីកំពត ព្រោះក្មេងៗដែលពុំបានផឹកស្រាញ៉ាំតែត្រីកំពត ក៏មានអាការៈដូចគ្នា។ ជុំវិញហេតុការណ៍នេះ សមត្ថកិច្ច និងខាងមន្ទីរសុខាភិបាល បានចុះពិនិត្យ និងសាកសួរ ជនរងគ្រោះរួចអស់ហើយ តែពុំទាន់មានការបញ្ចាក់ថា ការពុលនេះ បណ្តាលមកពីអ្វីនោះឡើយ៕
មតិយោបល់