ព័ត៌មានជាតិ

ជនសង្ស័យ ០២នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែគេចមិនរួចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់

ភ្នំពេញ: សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបពីម្តាយកូនដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចជិតសួនឃ្លាំងសាំងសូគីមិុច តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ រឿន សុងហីុ ហៅ និត ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ   មានស្រុកកំណើតនៅភូមិ៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម និងទី២ ឈ្មោះ សុះ ណាអីុម ហៅ អាអីុម ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៥១ ផ្លូវទន្លេសាប ក្រុមទី០៣ ភូមិ០៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងបានដកហូតម៉ូតូជនសង្ស័យ មួយគ្រឿង ម៉ាក Sopcopy ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BE-8511 និងទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Iphone 5 ពណ៌ស ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនដំបូងគេបានឃើញជនសង្ស័យមានគ្នា ០៤នាក់ បានជិះម៉ូតូចំនួន ០២គ្រឿង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីម្តាយកូន ០២នាក់ ក្រោយពេលដែលជនសង្ស័យបានឆក់រួច ក៏បានយកកាបូបនោះ ទៅឲ្យគ្នា ០២នាក់ទៀតដែលចាំទទួលរបស់ដែលខ្លួនឆក់បាននោះ ។ ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់រួចមក កម្លាំងសមត្ថកិច្ចដែលកំពុងប្រចាំការនៅទីនោះ ក៏បានដេញតាម និងឃាត់ខ្លួនបាននៅចំណុចមុខផ្ទះក្រហម ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ រឺឯជនសង្ស័យ ០២នាក់ទៀតបានរត់គេចខ្លួនបាត់ ក្រោយមកសមត្ថកិច្ចបានយកជនសង្ស័យខាងលើមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីសាកសួរបន្ត ។

លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ និងធ្លាប់ជាប់គុកផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើត្រូវបានបញ្ជូនខ្លួនមកឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕

photo_2016-05-31_19-35-02

photo_2016-05-31_19-35-05

photo_2016-05-31_19-35-08

photo_2016-05-31_19-35-11

photo_2016-05-31_19-35-14

photo_2016-05-31_19-36-05

មតិយោបល់