ព័ត៌មានជាតិ

ឆក់កាបូបគេបាន៤ថ្ងៃ! អស់លក្ខណ៍ជាប់ខ្នោះសមត្ថកិច្ច

បាត់ដំបងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ឆក់)។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចក្រុមទី៦ ភូមិវត្ត សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ជនរងគ្រោះឈ្មោះ ស៊ុន ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្ភារៈបាត់រួមមាន លុយដុល្លាចំនួន១០០ដុល្លារ, លុយខ្មែរចំនួន៣១៥០០០០០រៀល(បីលានដប់ប្រាំម៉ឺន),ទូរសព្ទដៃម៉ាកអាយហ្វូន ពណ៌ផ្កាឈូកចំនួន១គ្រឿង នឹងសម្ភារៈមួយចំនួនទៀត។

លុះមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤ទៀបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានសហការជាមួយកម្លាំងជំនាញការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស៊ើបអង្កេតស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អូន សាហ្វី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ជនរងគ្រោះជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ រ៉ាន ចំរើន ហៅសារីភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕

មតិយោបល់