ព័ត៌មានជាតិ

រថយន្តបាឡែនដឹកឈើ បើក​ល្បឿនដូចហោះបែក​កង់​ក្រឡាប់ផ្ងារជើង

ក្រចេះ: រថយន្ដបានឡែនដឹកឈើប្រណីតមួយគ្រឿង បានបើកបរក្នុងល្បឿនដូចហោះ ហើយរេចង្កូតបួងមិនទាន់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសសហការណ៍ជាមួយស្នាក់ការសន្តិសុខអាវុធហត្ថ៧០៧ និងរដ្ឋបាលព្រៃឈើចុះទៅដល់កន្លែងកើតហេតុ និងរឹបអូសតែម្ដង។

ហេតុកាណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា រថយន្តល្មើសម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ អត់ស្លាកលេខ ដឹកឈើប្រភេទលេខ១ (សុក្រំ) ពេញ ហើយបានបែកកង់ក្រឡាប់ធ្លាក់ចូលប្រឡាយផ្ងារជើង។ ចំណែកតៃកុងបានវាយបំបែកកញ្ចក់រត់គេចខ្លូនបាត់។

ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្ដល្មើសខាងលើនេះ មិនទាន់ដឹងជាសិទ្ធរបស់អ្នកណានោះទេ ។ សមត្ថកិច្ចបានបង្ហើបថា នៅពេលដែលរថយន្ដក្រឡាប់ គេឃើញមានរថយន្ដទំនើបមួយគ្រឿងម៉ាកណារ៉ា បើកមកបម្រុងរំដោះរថយន្ដនេះ ប៉ុន្តែត្រូវបានកម្លាំអាវុធហត្ថទៅទាន់ រថយន្តនោះ ក៏បើកគេចខ្លួនបាត់។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា រថយន្ដដឹកឈើនេះ ជារបស់ថៅកែឈើដ៏ល្បីម្នាក់ ឈ្មោះ ផយ ពក មានទីលំនៅភូមិកន្ទូត ឃុំកន្ទូត ស្រុកចិត្របូរី ខេត្តក្រចេះ។ ប្រភពដដែលបានបន្តថា រថយន្តដឹកឈើល្មើសច្បាប់នេះពេលចេញដំណើរម្ដងៗ មិនមែនតែរថយន្ដមួយគ្រឿងនោះទេ គឺចាប់៣ទៅ៤គ្រឿងឯនោះ ហើយពុំដែលឃើញសមត្ថកិច្ចណាបង្ក្រាបបានម្ដងណាឡើញ ទើបតែពេលនេះទេ កុំតែរថយន្តខាងលើបែកកង់ កុំអីរួចខ្លួនបាត់ទៀតហើយ៕

photo_2016-10-10_10-32-45photo_2016-10-10_10-32-38photo_2016-10-10_10-32-39photo_2016-10-10_10-32-41photo_2016-10-10_10-32-43

មតិយោបល់