ព័ត៌មានជាតិ

មុខសញ្ញាលួចម៉ូតូ៤នាក់ ត្រូវបានឃាត់ខ្លួន ខណៈកំពុងតខ្សែភ្លើងបញ្ឆេះម៉ូតូ!

បន្ទាយមានជ័យៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានលួចម៉ូតូមួយគ្រឿងរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិប៉ោយប៉ែត ។

ជនសង្ស័យទាំង៤នាក់ត្រូវឃាត់បានភ្លាមៗផងដែរកាលពីវេលាម៉ោង១និង៣០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ខណៈដែលពួកគេអូសម៉ូតូមកដល់ពាក់កណ្តាលផ្លូវហើយឈប់តខ្សែភ្លើងដើម្បីបញ្ឆេះ។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ទី១មានឈ្មោះ ថៃ យ៉ាលុច ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ជាជនដៃដល់ , ជនសង្ស័យទី២មានឈ្មោះ សិទ្ធ ធាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សាកណ្តាល ជាជនដៃដល់ ,ជនសង្ស័យទី៣ឈ្មោះ ឈឿម ឆៃយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់ភូមិប៉ោយប៉ែត ជាអ្នកកាត់តខ្សែភ្លើងម៉ូតូ និងជាអ្នកយកម៉ូតូទៅលក់ និងជនសង្ស័យទី៤ឈ្មោះ ឆាំ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ជាបក្ខពួក។

ក្រោយពីការសាកសួររួចហើយនោះ ជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូនោះពិតប្រាកដមែន ហើយបច្ចុប្បន្នជនសង្ស័យខាងលើ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់