ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងមូលហេតុ ប៉ុន្តែត្រូវបានគេសង្ស័យ ថាបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី និងបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ដែលឃ្លាំងអេតចាយមួយនោះមានទីតាំងស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលក្រុមកម្មករ នៅក្នុងឃ្លាំងនោះកំពុងដេកលង់លក់ដោយ មិនដឹងខ្លួននោះ ស្រាប់តែមានភ្លើងឆេះឡើង ដែលមុនដំបូងបានឆេះឡើងក្នុងទ្រង់ទ្រាយតូចល្មមទេ ហើយកម្មករបាននាំគ្នាដង ទឹកជះពន្លត់និងបានយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ប៉ុន្តែមិនបានរលត់ទេភ្លើងបានឆេះកាន់តែខ្លាំងឡើងៗ ព្រោះអេតចាយភាគច្រើនគឺសុទ្ធតែជ័រ ដែលងាយនឹងមានការឆាបឆេះខ្លាំងណាស់។ ខណៈនោះបានធ្វើឲ្យអណ្ដាតភ្លើងហោះឡើងលើកប់អាកាសបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោ បានចេញអន្តរាគមន៏និងបានហៅ រថយន្តរថយន្តពន្លត់អគ្គីភ័យទៅកាន់ទីនោះដើម្បីបាញ់ពន្លត់ ដោយពេលនោះបានព្រួយបារម្ភខ្លាចឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅជិតនោះផងដែរ។
ប្រភពដដែលបានបន្តទៀតថា រថយន្តពន្លត់អគ្គិភ័យត្រូវបានបញ្ជូនទៅកាន់ទីនោះជាបន្តបន្ទាប់ប្រមាណ៥០គ្រឿង ប៉ុន្តែមិនបាន ចូលទៅកាន់កន្លែងកើតហេតុនោះរួចឡើយ ដោយសារតែផ្លូវតូចចង្អៀតពេកចូលមិនរួច ហើយបានត្រឹមប្រឡាយទុយោពីចម្ងាយតែ ប៉ុណ្ណោះដែលនេះគឺជាការលំបាកបំផុតមួយសម្រាប់ក្រុមអ្នកពន្លត់អគ្គិភ័យ។ ការពន្លត់ភ្លើងនោះបានប្រព្រឹត្តទៅជិត៥ម៉ោង គឺចាប់តាំងពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា រហូតដល់វេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃ ដដែលនិងបានបាញ់ទឹកអស់ជាង១០០ស៊ីទែន ទើបរលត់ទៅវិញទាំងស្រុង ប៉ុន្តែឃ្លាំងអេតចាយទាំងមូលបានក្លាយទៅជាផេះផងតែម្ដង។
ប្រភពខាងលើបានបន្តទៀតថា ការឆាបឆេះនោះមិនទាន់ត្រូវបានគេដឹងឲ្យប្រាកដថាបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ប៉ុន្តែគេសង្ស័យថាបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី ហើយក៏មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយដែរ តែនៅក្នុងឃ្លាំងនោះ មានអេតចាយរាប់រយតោន ដូច្នេះការខាតបង់ខ្ទង់ម៉ឺនដុល្លារ។ ទោះបីជាបែបណានៅក្នុងហេតុការណ៍នោះមិនបានបណ្ដាលឲ្យមាន មនុស្សណាម្នាក់រងរបួសនោះឡើយ ហើយក៏មិនបានរាលដល់ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅជិតនោះដែរ ៕
https://youtu.be/0zyGSOexd64
មតិយោបល់