ពោធិ៍សាត់ៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបានម្នាក់ ចំណែក២នាក់ទៀតគេចខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចវះគោញី របស់ប្រជាពលរដ្ឋ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចថ្មដំរី ស្ថិតនៅ
ភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់គោមានឈ្មោះ ជួន រឿន អាយុ៥៦ឆ្នាំ ភេទប្រុស រស់នៅភូមិអន្សក្តាម ស្រុកក្រគរ។ ចំណែកជនសង្ស័យមានគ្នា៣នាក់ ទី១មានឈ្មោះ ទឹង រិទ្ធី អាយុ២៨ឆ្នាំ ភេទប្រុស ស្នាក់នៅបច្ចុប្បន្នភូមិស្នាអន្សា ស្រុកក្រគរ និងបក្ខពួក២នាក់ទៀត មានឈ្មោះ រត្ន ប្រុស ស្នាក់នៅឃុំស្នាមព្រះ និងម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ ស្នាក់នៅឃុំស្នាមព្រះ ទាំង២នាក់ ត្រូវជាបងថ្លៃរបស់
ឈ្មោះ ទឹង រិទ្ធី (កំពុងរត់គេចខ្លួន) ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់គោបានប្រើកូនឈ្មោះ សេត ដារិន
ភេទប្រុស អាយុ១៨ឆ្នាំ និងក្មួយឈ្មោះ ធូ សឿន អាយុ២៣ឆ្នាំឲ្យទៅរកគោ នៅកន្លែងដែលលែងឲ្យស៊ីស្មៅ ដូចសព្វដង
តែពេលទៅរកបាត់គោញី១ក្បាល ទាំង២នាក់ក៏នាំគ្នាដើររករហូតដល់ម៉ោង ៤និង៥០នាទីល្ងាច ស្រាប់តែឃើញជនសង្ស័យ ឈ្មោះ ទឹង រិទ្ធី លើកភ្លៅគោខាងក្រោយ១។ចំណែកបងថ្លៃ២នាក់ទៀត ម្នាក់លីផ្លូវក្រោយ១ និងម្នាក់ទៀត លីស្មារមុខ១យកទៅលាក់ទុក ក្នុងចម្ការដំឡូងមី ចម្ងាយប្រហែល១០០ម៉ែត្រ ពីផ្ទះចាំចម្ការរបស់ជនសង្ស័យ ឈ្មោះទឹង រិទ្ធី ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ដើម្បីចុះស្រាវជ្រាវកន្លែងកើតហេតុ និងចាត់ការបន្តតាមច្បាប់បន្តទៀត៕









មតិយោបល់