ព័ត៌មានជាតិ

បុរសពោះម៉ាយម្នាក់ ដេកស្លាប់នៅផ្ទះសំណាក់ ធីធី សង្ស័យខ្យល់គ

ភ្នំពេញ: បុរសពោះម៉ាយម្នាក់ ជាអ្នករៀបចំបន្ទប់ នៅផ្ទះសំណាក់ ធីធី បានដេកស្លាប់នៅជាន់ទី២ សង្ស័យខ្យល់គ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅផ្ទះលេខ៧ដេ១ ផ្លូវ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ។

ជនរងគ្រោះឈ្មោះ ចាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នករៀបចំបន្ទប់នៅផ្ទះសំណាក់ ធីធី មានស្រុកកំណើតនៅខេត្តកំពង់ធំ ។

យោងតាមប្រភពពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ គាត់ឃើញបុរសពោះម៉ាយ អាយុជាង៣០ឆ្នាំ ដើរទៅទិញអាហារហូបដូចធម្មតាទេ ហើយជនរងគ្រោះជាមនុស្សស្លូតត្រង់ មិនចេះជកបារី ផឹកស្រា និងដើរលេងយប់ឡើយ បើនិយាយរឿងគ្រឿងញៀនទៀតសោតក៏មិនដែលសោះ។

មានអ្នកជិតខាងខ្លះនិយាយថា នៅម្សិលមិញនិយាយគ្នាលេងសើចសប្បាយ ដល់ថ្ងៃកើតហេតុស្រាប់តែទទួលដំណឹងដ៏ក្រៀមក្រំដូច្នេះសោះ ពិតជាមនុស្សល្អឆាប់ស្លាប់មែន ។

ក្រោយពេលកើតហេតុខាងម្ចាស់ផ្ទះសំណាក់ ធីធី រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យខាងជំនាញាកោសល្យវិច័យ ចុះមកពិនិត្យជាក់ស្តែង និងបានបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន ។

បច្ចុប្បន្នសពជនរងគ្រោះបុរសពោះម៉ាយ ត្រូវបានម្ចាស់ផ្ទះសំណាក់ ធីធី ចេញសាហ៊ុយឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

មតិយោបល់