ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារ២លើកពីបទហិង្សា និងលួចហើយនៅមិនរាង ចេញមកវិញលួចទៀត ជាប់ខ្នោះសមត្ថកិច្ចសារជាថ្មី!

កណ្តាលៈ បុរសម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកមកហើយ ពីបទ ហិង្សាដោយចេតនាផង ពីបទលួចផង នៅតែមិនរាងចេញមកវិញបានប្រព្រឹត្តអំពើលួចទៀត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចដីចំការភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ។ ចំណែកឯជនល្មើសមានឈ្មោះ ដួង ចំណាប់ (ហៅអូនទូច) ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ឃាត់ខ្លួន)។

ប្រភពព័ត៌មានបានឲ្យដឹងថា សម្ភារៈបាត់បង់មាន ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ម៉ាស៊ីនបូមទឹក១គ្រឿង ម៉ូទ័រឆាប១គ្រឿង កាំបិតផ្គាក់ចំនួន១ កណ្តៀវចំនួន១ ថ្នាំបាញ់ស្វាយមួយស្បោង ជីដាក់ស្វាយមួយថង់ កូនសោមួយកេស ចបជីក១ និងថង់សម្រាប់ច្រកកូនស្វាយ១០០ថង់។ ចំណែកវត្ថុតាងដែលត្រូវចាប់យក ម៉ូទរ័បូមទឹកមួយគ្រឿង ម៉ូទ័រឆាប១គ្រឿង ម៉ាស៊ីនកាត់ស្មៅ១គ្រឿង កូនសោរចំនួន១កេស កាំបិតផ្គាក់ចំនួន១ ចបជីកចំនួន១ ថង់ច្រកកូនស្វាយចំនួន១០០ថង់ និងថ្នាំបាញ់ស្វាយមួយចំនួនផងដែរ។

ប្រភពដដែលពីលោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកនូវសម្ភារៈរបស់ខ្លួនដូចបានរៀបរាប់ខាងលើនៅក្នុងរោងចាំចំការដូចសព្វដង ដោយបានចាក់សោរត្រឹមត្រូវ រួចហើយបានទៅដេកនៅផ្ទះរបស់ខ្លួនបាត់ទៅគ្មានអ្នកដេកយាមចំការទេ។ លុះដល់វេលាកើតហេតុខាងលើជនល្មើស ក៏បានលួចធ្វើសកម្មភាពកាត់សោររោងចាំចំការ ហើយប្រមូលយកសម្ភារៈខាងលើមកលាក់ទុកនៅក្នុងដីខាងក្រោយផ្ទះរបស់ខ្លួនបាត់ទៅ។

ក្រោយពីបានទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់បានកំណត់មុខសញ្ញាជនល្មើសបានរួចឃាត់ខ្លួនព្រមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍។ នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារៈខាងលើ ប្រាកដមែន ហើយធ្វើតែម្នាក់ឯងគ្មានបក្ខពួកនោះទេ និងធ្លាប់ធ្វើសកម្មភាពលួចអាគុយគេកាលពីឆ្នាំ២០០៨ ហើយត្រូវតុលាកាផ្តន្ទាទោសជាប់ពន្ធនាគារខេត្តកណ្តាល៧ថ្ងៃ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលម្តងទៀត ករណីហិង្សាដោយចេតនា ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ខែ ឆ្នាំ២០១៥ទៀតផង។

ចំណែកគ្រឿងញៀនវិញខ្លួនបានប្រើប្រាស់អស់រយៈពេល៤ឆ្នាំមកហើយ៕

មតិយោបល់