ព័ត៌មានជាតិ

អាណិតណាស់! អ្នកលក់សម្ភារៈប្រើប្រាស់ដើរទៅទិញម្ហូប ត្រឡប់មកវិញឡានបុកស្លាប់

កណ្តាលៈ បុរសចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈដែលឈប់កង់ដើរចូលទៅទិញម្ហូបនៅក្នុងផ្សារ ត្រឡប់មកវិញត្រូវរថយន្តបើកបុកស្លាប់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២១និង៤២ ត្រង់ចំណុចផ្សារជ្រោយដង ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីនគរបាលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានមនុស្សប្រុសម្នាក់ អាយុប្រហែល៥៥ឆ្នាំ មិនស្គាល់អត្តសញ្ញាណបានជិះកង់ចាស់(ច្រែះ) ប្រភេទស្រី ឌុបកន្ទេល ភួយ ខ្នើយ មុង អង្រឹង ជិះដើរលក់តាមផ្លូវ មកឈប់ចតទុកកង់ និងសម្ភារៈ ហើយដើរទៅទិញម្ហូបអាហារ នៅផ្សារជ្រោយដង។ ពេលដើរត្រឡប់មកវិញបានចម្ងាយប្រែហល១៥០ម៉ែត្រ ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅ
ពីអ្នកលឿងទៅភ្នំពេញ មកបុកពីក្រោយក្នុងទិសដៅស្របគ្នាបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ច បានឆែកមើលលើខ្លួនជនរងគ្រោះគ្មានលិខិតសំគាល់អត្តសញ្ញាណឡើយ។

កង់និងសម្ភារៈត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រីឯសពបានយកមកដំកល់ទុកនៅវត្ត៕

មតិយោបល់