ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងស្រាជិះម៉ូតូបុកក្បាលនាគពុះចែកផ្លូវ ក្អួតឈាមទាំងថ្លុក

ភ្នំពេញៈ បុរសវ័យកណ្តាលម្នាក់ សង្ស័យស្រវឹងស្រា បានជិះម៉ូតូជ្រុលទៅបុក ក្បាលនាគពុះចែកផ្លូវ បណ្តាលឲ្យអ្នកជិះដួលបោកនឹងថ្នល់ រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ចំណុចលើ ស្ពានស្ទឹងមានជ័យចាស់ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះ គេបានឲ្យដឹងថាមានឈ្មោះ ខៀវ ឡេង ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៥E២ ផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើតនៅ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GB-7308 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេ បានឃើញបុរសម្នាក់មិនដឹងថា ចេញពីណាទៅណានោះទេ គឺបានជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GB-7308 បានធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន និងសង្ស័យស្រវឹងស្រាផងនោះ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគ ពុះចែកផ្លូវ បណ្តាលឲ្យម៉ូតូដួលអូសជិត១០ម៉ែត្រ និងធ្វើឲ្យអ្នកបើកដួលបោក ក្បាលទៅនឹងថ្នល់ រងរបួសបែកក្បាលហូរឈាមចេញតាមច្រមុះសន្លប់ ស្តូកស្តឹង ហើយភ្លាមនោះដែរ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបានមកដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ដោយឡែកម៉ូតូវិញរងការខូចខាតតិចតួច ។

ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបានយកទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីរង់ចាំប្រគល់ឲ្យម្ចាស់វិញ៕

មតិយោបល់