ភ្នំពេញៈ មានករណីប្លន់ ប្រដាប់អាវុធមួយបានកើតឡើង ដោយមានក្រុមចោរ បានធ្វើសកម្មភាពបាញ់ស្ត្រីម្នាក់ ប្លន់យកម៉ូតូម៉ាកស្កុបពី ទៅបាត់ដោយសុវត្ថិភាព បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ករណីនេះកើតឡើងនៅម៉ោង៨និង៥០នាទីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅក្រោយសាលាបឋមសិក្សាបាក់ទូក មុខហាងខ្មៅសាងស្នេហ៍ ផ្លូវ ១៤៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ពេជ្រ អាយុ២៤ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ខណ្ឌមានជ័យ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ 1GP-0078 ដែលជនរងគ្រោះបានខ្ចីពីបុរសម្នាក់មកជិះ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូម៉ាកស្កុបពី មកឈប់និយាយជាមួយមិត្តម្នាក់ទៀតនៅកន្លែងក្បែរកន្លែងកើតហេតុ លុះមួយសន្ទុះធំក្រោយមកក៏ជិះចេញទៅវិញបានបន្តិច ស្រាប់លេចមុខជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរសំដៅ មករួចដកកាំភ្លើងបាញ់ទៅលើនារីរងគ្រោះដែលជាអ្នកបើកម៉ូតូត្រូវចំថ្គាមបណ្តាលឲ្យរងរបួសធ្ងន់ រួចយកម៉ូតូម៉ាកស្កុបពីដែលជនរងគ្រោះជិះ គេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុកតែសំបកគ្រាប់កាំភ្លើងម៉ាក K៥៩ ចំនួន១គ្រាប់នៅកន្លែងកើតហេតុ។ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយមានករណីបាញ់ប្លន់បន្តិច គេឃើញមានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើកំណត់ហេតុ និងរើសវត្ថុតាងសំបកគ្រាប់ម៉ាក K59ចំនួន១គ្រាប់ ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕
មតិយោបល់