ព័ត៌មានជាតិ

អាណិតណាស់! ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យបាក់ក ស្លាប់ភ្លាមៗ

ពោធិ៍សាត់: លោកវរសេនីយ៍ត្រី ឯម រុន អធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយក្មេងប្រុសម្នាក់បើកម៉ូតូដួលខ្លួនឯង បណ្តាលឲ្យបាក់កស្លាប់។

កើតហេតុនៅវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវក្រាលក្រួសក្រហមទៅរមណីយដ្ឋានច្រកល្អៀង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងឈ្មោះ ម៉ៅ មុល អាយុ១១ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិឃុំ កើតហេតុខាងលើ បើកបរម៉ូតូ ម៉ាកវេវអាល់ហ្វាពណ៌ ក្រហម គ្មានស្លាកលេខ គ្មានកញ្ចក់មើលក្រោយ គ្មានម៉ួកសុវត្ថិភាព មិនទាន់គ្រប់អាយុដែលត្រូវបើកបរ លុះដល់ចំណុចកើតហេតុខាងលើបានធ្លាក់ក្រលុក វេចង្កូតដួលបាក់ក ស្លាប់នៅកន្លែង កើតហេតុតែម្តង។

ឪពុកឈ្មោះ ផ្តូច ម៉ៅ អាយុ៣៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ម្តាយឈ្មោះ តាំង ស្រីមុំ អាយុ២៨ឆ្នាំ ជនជាតិខ្មែររស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយបានឃើញថាសាកសពក្មេងប្រុសនោះពិតជាបានស្លាប់ដោយសារជិះដួលខ្លួនឯងពិតប្រកដមែន រួចក៏បានប្រគល់សាកសពជូនទៅឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់