ព្រះសីហនុៈ អំណោយជាអង្ករប្រភេទវីតាមីន ចំនួន៦៨០គីឡូក្រាម ក្រមារ សារុងចំនួន៤០កញ្ចប់ និងសម្ភារសិក្សាចំនួន២២០កញ្ចប់ជាអំណោយរបស់ លោក ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបងប្អូនបណ្តាញសង្គមហ្វេសប៊ុក បានផ្តល់មកតាមរយៈលោក ព្រំ សាន្ត ត្រូវបានរដ្ឋបាលឃុំកែវផុស យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សចំនួន២២០នាក់ នៅសាលាបឋមសិក្សាចំការខ្នុរ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ។
លោក នង ឌីណារ៉ា មេឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា អំណោយជាអង្ករប្រភេទវីតាមីន សារុង ក្រមារ និងសម្ភារៈ សិក្សាចំនួន២២០កញ្ចប់ដែលបានផ្តល់ដល់ប្រជាពលរដ្ឋក្រីក្រឃុំកែវផុស និងសិស្សានុសិស្សនាពេលនេះជាទឹកចិត្តនៃការចែករំលែករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសប្បុរសជនសង្គមហ្វេសបុក ទាំងអស់បានផ្តល់តាមរយៈលោកព្រំ សាន្ត និងចែកជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំកែវផុស។
មេឃុំ បានឲ្យដឹងថា ឃុំកែវផុសជាឃុំបង្កើតថ្មីមួយដែលសម្បូរទៅដោយព្រៃ ភ្នំ ហើយប្រជាពលរដ្ឋមករស់នៅតំបន់នេះ ភាគច្រើនជាអ្នកចំណូលថ្មី មកតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍរបស់ក្រុមហ៊ុនលោកឧកញា ម៉ុង ឫទ្ធី ប្រធានគណៈកម្មាធិការទី៣នៃព្រឹទ្ធិសភា ដែលលោកឧកញា បានធ្វើការអភិវឌ្ឍប្រែក្លាយតំបន់ព្រៃភ្នំ មកជាតំបន់ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍បែបធម្មជាតិព្រមទាំងមានកសិដ្ឋានចិញ្ចឹមជ្រូក រោងចក្រកែឆ្នៃស្បែកជ្រូក ស្បែកគោ ជាដើម ដើម្បីឲប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងស្រុក ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារនៅប្រទេសជិតខាង។
លោក នង ឌីណារ៉ា បានបន្តថាក្នុងនាមអាជ្ញាធរឃុំ សូមថ្លែងអំណរគុណ ចំពោះឯកឧត្តម ខៀវ កាញារីទ្ធ និងសប្បុរសជនបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ដែលបានផ្តល់អំណោយជាបន្តបន្ទាប់យកមកចែកជូនប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្ស នៅក្នុងឃុំកែវផុស ដែលកំពុងខ្វះខាត។
លោកមេឃុំបានបញ្ជាក់ថា អំណោយនេះនៅសល់ប៉ុន្មាន លោកនិងសហការីនឹងយកទៅចែកជូនគ្រួសារក្រីក្រ សិស្សក្រីក្រនៅសាលាចំការខ្ញី ភូមិឫទ្ធី២ ជាបន្តទៀត។
កន្លងមកក៏មានសប្បុរសជនបានផ្តល់កង់ជូនដល់សិស្សសាលាក្រីក្រដែលមានផ្ទះនៅឆ្ងាយពីសាលរៀន ដើម្បីឲ្យពួកគេជិះមកសាលារៀនបានទាន់ពេលវេលា៕
មតិយោបល់