ព័ត៌មានជាតិ

ទៀតហើយ! បង្កហិង្សានៅក្នុងផ្ទះបើកណេតក្នុងក្រុងតាខ្មៅ ហូរឈាមពេញផ្ទះ ជនបង្ករត់បាត់ សង្ស័យពាក់ព័ន្ធរឿងគ្រឿងញៀន

កណ្តាលៈ ករណីហិង្សាមួយបង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ខណៈដែលបុរស២នាក់បានឈ្លោះប្រកែកគ្នា បង្កឲ្យមានការហូរឈាមពេញក្នុងផ្ទះបើកណេត២៤ម៉ោង ដោយសង្ស័យពាក់ព័ន្ធគ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះបើកណេត ដាក់អ៊ីម៉ានីដូរប្រាក់ បើកប្រាក់ យីហោរ សូរិយា នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់Post News ឲ្យដឹងថានៅមុនពេលកើតហេតុ ជនបង្កបានឈ្លោះជាមួយអ្នកផ្សេងនៅក្នុងកន្លែងបើកណេត ស្រាប់តែមួយសន្ទុះបងប្អូនរបស់ជនល្មើសមកឃាត់ ធ្វើឲ្យជនល្មើសខឹងក៏ទាញកាំបិតកាប់ទៅលើបងប្អូនខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ហូរឈាមពេញក្នុងផ្ទះតែម្តង។

ភ្លាមៗនោះដែរកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅបានចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញជនបង្ក ហើយសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនស្រាប់តែធ្លាក់គ្រឿងញៀនពីក្នុងដៃជនល្មើស រួចហើយជនល្មើសបានរើបម្រាស់រត់រួចខ្លួន។

លោកអធិការបានបន្ថែមទៀតថា ទីតាំងកន្លែងបើកណេតនោះរូបលោកកំពុងសុំយោបល់ថ្នាក់លើ ដើម្បីផ្អាកទីតាំងនោះបណ្តោះអាសន្នសិន។ រីឯជនរងគ្រោះ និងជនល្មើស សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

បើតាមមហាជនបានរិះគន់យ៉ាងខ្លាំងទៅលើទីតាំងបើកណេតនៅក្រុងតាខ្មៅហាក់បីដូចជាកក្រើកណាស់ ជាពិសេសគឺបង្ករឲ្យមានភាពអសន្តិសុខ កាប់សម្លាប់ ប្រើប្រាស់គ្រឿងញៀន យ៉ាងអាណាធិបតេយ្យ ធ្វើឲ្យពួកគាត់មានការបារម្មណ៍យ៉ាងខ្លាំងចំពោះកូនៗរបស់ពួកគាត់ដែលឲ្យទៅសិក្សា បែរជាទៅឈ្លក់វង្វេង និងទីតាំងបើកណេត សង្ស័យបង្កប់ល្បែងស៊ីសង បង្កប់ការសង្ស័យប្រើប្រាស់គ្រឿងញៀនថែមទៀតផង។

គួររំលឹកដែរថា ប៉ុន្មានជិត២ពីខែមុនមានករណីឃាតកម្មដ៏សាហាវនេះ បានកើតឡើងក្នុងអំឡុងម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទីតាំងបើកអ៊ីនធឺណេតគ្មានយីហោមួយ តាមបណ្តោយផ្លូវលេខ២០៥ ផ្ទះលេខ២៥១ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាប់ហ្នឹងសាខាក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តកណ្តាល។

លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលត្រូវឃាតករសម្លាប់ ឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាបុគ្គលិកទីតាំងអ៊ីនធឺណេតខាងលើ បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីជនដៃដល់ចាក់ចំនួន១៣កាំបិត ក្នុងនោះចាក់ពីក្រោយខ្នងចំនួន៧កាំបិត និងចាក់ពីមុខចំនួន៦កាំបិត។

លោកអធិការបានខ្សឹបប្រាប់ថា ជនសង្ស័យគឺត្រូវបានកំណត់មុខសញ្ញាបានហើយតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយជនដៃដល់ ក៏ជាម៉ូយដែលចេញចូលមកអ៊ីនធឺណេតនៅទីតាំងនេះ ស្ទើររាល់ថ្ងៃដែរ។

ប្រភពដដែលបានបង្ហើបបន្ថែមដែរថា មុនពេលកើតហេតុក្នុងផ្ទះអ៊ីនធឺណេតនេះ មានយុវជនចំនួន៣នាក់ ក្នុងនោះរួមទាំងជនរងគ្រោះផងដែរ ហើយសាក្សីដែលនៅក្នុងទីតាំង អ៊ីនធឺណេតខាងលើជាមួយជនដៃដល់ និងជនរងគ្រោះ ដែលសមត្ថកិច្ចសុំមិនបញ្ចេញអត្ត សញ្ញាណនោះ បាននិយាយថា មុនពេលកើតហេតុ ជនដៃដល់បានដើរចេញចូលបន្ទប់ទឹក នៅផ្នែកខាងក្រោយចំនួន៣ដង។ រួចក៏បានប្រាប់ថាបន្ទប់ទឹកស្ទះហើយ ពេលនោះជនរងគ្រោះក៏ដើរទៅមើល ក៏ត្រូវជនសង្ស័យរុញចូលបន្ទាប់ទឹក នឹងចាក់សម្លាប់តែម្តងទៅ ក្រោយពេលសម្លាប់ជនរងគ្រោះ ជនដៃដល់បានចេញមកប្រាប់ សាក្សីដែលកំពុងអង្គុយលេងអ៊ីនធឺណេតខាងមុខថា ជួយទៅមើលជនរងគ្រោះផង ដួលបែកក្បាលក្នុងបន្ទប់ទឹកមិនដឹងជាយ៉ាងណានោះទេ។ ភ្លាមនោះនៅពេលឃើញជនសង្ស័យសៀតកាំបិតនៅចង្កេះ និងមើលស្ថានការណ៍មិនស្រួលសាក្សីរូបនោះ ក៏បានរត់គេចចេញទៅក្រៅ កុំអីក៏ត្រូវឃាតករសម្លាប់ដែរហើយ៕

មតិយោបល់