ភ្នំពេញៈ បើទោះជាមានការបញ្ជាក់ថា ស្ថានភាពសុខភាពរបស់លោក ម៉ារី សុន ហៅនាយ សង់ស៊ីស បានផុតគ្រោះថ្នាក់ និងធូរជាងមុនច្រើន ក៏ក្រុមអ្នកលេងហ្វេសប៊ុក ពិសេសតារាសិល្បៈកាន់តែច្រើន បានបង្ហាញការឈឺឆ្អាលពីសភាពជំងឺរបស់លោក។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវគេឃើញសឹងតែជិតពាក់កណ្ដាលតារាសិល្បៈ ដែលប្រើប្រព័ន្ធហ្វេសប៊ុកទំនាក់ទំនងគ្នាបានបន្តចែកចាយ និងជូនពរឲ្យលោកបានជា១០០% ដើម្បីឲ្យលោកបានត្រឡប់មកកាន់ការសម្ដែងបានដូចដើម។
អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង ខាត់ សុឃីម អ្នកនាង ម៉េង កែវពេជ្ជតា លោក សុខ សេរីវឌ្ឍនា លោក គុណ រៀមរតនៈ និងតារាយ៉ាងច្រើនកុះករ នៅតែបន្តបង្ហោះរូបភាពតារាកំប្លែងសង់ស៊ីស នៅក្នុងមន្ទីរពេទ្យ ព្រមជាមួយពាក្យជូនពរ ដែលភាពឈឺឆ្អាលរបស់តារាសិល្បៈទាំងនេះ ត្រូវគេមើលឃើញថា មានភាពគគ្រឹកគគ្រេង គួរឲ្យចាប់អារម្មណ៍ មិនខុសគ្នាក្នុងពេលដែលមានការភ័ន្តច្រលំថានាង ពេជ្រ សោភា ស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់នោះទេ។
កូនប្រុសស្រីរបស់នាយ សង់ស៊ីស បានអះអាងថា លោកបានធូរច្រើនជាងមុន ប៉ុន្តែសម្ពាធឈាមដែលបានធ្វើទុកនៅមិនទាន់ប្រក្រតីទាំងស្រុងនោះដែរ ទើបលោកនៅតែបន្តសម្រាកនៅក្នុងមន្ទីរពេទ្យអង្គរធំ ដើម្បីតាមដានសុខភាព។
អ្នកនាង កាឆយ ជាកូនស្រី បានអះអាងថា ក្នុងពេលធ្វើទុក លោក សង់ស៊ីស មានសភាពកន្ទ្រាក់សរសៃដល់កម្រិតវៀចមាត់វៀច-កតែម្ដង ដោយសូម្បីតែការនិយាយ ក៏លោកមិនអាចនិយាយបាននោះដែរ។ អ្នកនាងថា លោកសង់ស៊ីស ចូលពេទ្យម្ដងនេះ ចង់ខ្លាំងជាងមុន ហើយបើកុំតែបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យបានលឿន កុំអីប្រហែលជាលោកធ្ងន់ធ្ងរជាងនេះ។
យ៉ាងណាមិញ អ្នកនាង កាឆយ ប្រាប់ថា លោកមិនទាន់ដូចដើមទាំងស្រុងទេ ដោយសារតែសភាពកន្ទ្រាក់សរសៃបណ្ដាលឲ្យវៀចមាត់ និងបញ្ហាសម្ពាធឈាមនៅខ្ពស់នោះ មិនទាន់វិលមករកសភាពដើម។ អ្នកនាងសម្ដែងការអរគុណ ចំពោះអារម្មណ៍ឈឺឆ្អាលរបស់មហាជន និងក្រុមតារាសិល្បៈ ដែលបានបង្ហោះសារជូនពរ និងលើកទឹកចិត្តដល់លោកសង់ស៊ីស។ ក្នុងនោះ ក៏មានតារាសិល្បៈមិនតិចនោះដែរ បានបង្ហាញការឈឺឆ្អាលដោយខលមកសួរផ្ទាល់ៗ និងចុះមកដល់មន្ទីរពេទ្យជាដើម៕
មតិយោបល់