កណ្តាលៈ មានមុខសញ្ញាគ្រឿងញៀន៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍សំរោងធំឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង១៣នាទីយប់ ថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវជាតិលេខ១ ភូមិព្រែកត្រែង ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ហួត សីហា នាយប៉ុស្តិ៍សំរោងធំបានឱ្យដឹងថា មានជនសង្ស័យ៣នាក់ទី១ឈ្មោះ គុជ វិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ (ឃាត់ខ្លួន) មុខរបរ មិនពិតប្រាកដនិងរស់នៅភូមិស្ទឹង២ ឃុំសំរោងធំ ,ទី២ឈ្មោះ ឃឿន សុឃាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកត្រែង ឃុំសំរោងធំនិងទី៣ឈ្មោះ កែវ ឈុនលី ភេទប្រុស អាយុ២៣ឆ្នាំ(ឃាត់ខ្លួន) មុខរបរ មិនពិតប្រាកដនិងរស់នៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ។
លោក ហួត សីហាបានបន្តថា នៅក្នុងអំឡុងបើកប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន៨កញ្ចប់(ធំ១កញ្ចប់ មធ្យម៤កញ្ចប់និងតូច៣កញ្ចប់) ម៉ូតូ១គ្រឿងម៉ាកCHALY ពណ៌ស គ្មានស្លាកលេខ,ទូរសព្ទដៃ២គ្រឿងនិងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
លោកនាយប៉ុស្តិ៍បានបន្តទៀតថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តដើម្បីការពារសន្តិសុខជូនពលរដ្ឋ លុះមកដល់ត្រង់ចំណុចកើតហេតុបានជួបប្រទះឃើញជនសង្ស័យមានការសង្ស័យ ក៏ធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាងនាំខ្លួនមកប៉ុស្តិ៍សួរនាំនិងរៀបចំឯកសារបញ្ជូនខ្លួនជនសង្ស័យមកអធិការស្រុក។
លោកវរសេនីយ៍ឯក ប៉ា សំអិត អធិការស្រុក បានឱ្យដឹងថា ចំពោះជនសង្ស័យនិងវត្ថុតាងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់