ព័ត៌មានជាតិ

ពលរដ្ឋ សូមណូមពរដល់អាជ្ញាធរខេត្តតាកែវ ជួយពិនិត្យបណ្តាញខ្សែភ្លើងត្រង់ចំណុចស្ពានស្ទឹងអង្គរបុរីផង!

តាកែវៈ ជាការពិតណាស់ប្រសិនបើបងប្អូនធ្វើដំណើរចេញពីទីរួមស្រុកអង្គរបុរី ឆ្ពោះទៅលេងកម្សាន្តនៅរមណីយដ្ឋាន ភ្នំដា និងភ្នំបុរី គឺច្បាស់ជាបានឆ្លងកាត់នូវស្ពានមួយដែលពលរដ្ឋនៅទីនោះនិយមហៅថា ស្ពានស្ទឹងអង្គរបុរី ជាមិនខាន។

ប៉ុន្តែមួយរយៈនេះ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ ជាពិសេសគឺជាទេសចរអន្តរជាតិ បានកើតមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ និងក្រុមគ្រួសារជាខ្លាំង ខណៈដែលបណ្តាញខ្សែភ្លើង នៅចំណុចស្ពានស្ទឹងអង្គរបុរី ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ នេះបាននិងកំពុងត្រូវបានខ្យល់បោកបក់ បណ្តាលឲ្យធ្លាក់ខ្សែភ្លើងរប៉ាត់រប៉ាយ ជាហេតុអាចបង្កគ្រោះថ្នាក់ ក៏ដូចជាបង្កហានិភ័យ ជាយថាហេតុ ដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ។

អ្វីដែលពិសេសទៀតនោះ នៅពេលថ្ងៃរៀបលិច រហូតដល់ពេលរាត្រី ស្ពានស្ទឹងអង្គរបុរីមួយនេះ បានក្លាយជាទីកន្លែងមួយសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ មកកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសផងដែរ។ ដូច្នេះហើយ ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ បានធ្វើការសូមណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចជាកម្លាំងមានសមត្ថកិច្ចដែលពាក់ពន្ធ័ជួយធ្វើការត្រួតពិនិត្យនូវបណ្តាញខ្សែភ្លើងដែលធ្លាក់រប៉ាត់រប៉ាយនេះផង ព្រោះរាល់ថ្ងៃនេះពួកគាត់មានការបារម្ភ ពីសុខសុវត្ថិភាពរបស់ពួកគាត់ខ្លាំងណាស់៕

មតិយោបល់