ព័ត៌មានជាតិ

រថយន្តនីសាន់ណាវ៉ារ៉ា បុកជាមួយម៉ូតូផ្លូវបែកជាបួន បណ្តាលឲ្យបុរស៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងបុរសម្នាក់ជាជនជាតិចិន បើករថយន្តក្នុងល្បឿនលឿនដូចហោះ បុកជាមួយម៉ូតូត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលបុរស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៤៣២កែងផ្លូវ១៣៥ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរស៣នាក់ជិះម៉ូតូម៉ាកវ៉េវអិច ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BZ-0609 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស២នាក់ទៀតក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែគេឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-5011 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់ក៏បានបុកម៉ូតូចំពីមុខខាងឆ្វេងរថយន្តបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្តនឹងម៉ូតូបែកក្របាំងបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់និងបុរសម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យហុងហាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់