សៀមរាបៈ លោកនាយផ្នែកចរាចរណ៍ស្រុកស្វាយលើ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកវីហ្គោមួយគ្រឿង បើកដោយជនជាតិកូរ៉េ លឿនខ្លាំងពេកមកដល់ផ្លូវកោងចាប់ហ្វ្រាំងមិនទាន់ ក៏បណ្តាលឲ្យក្រឡាប់ផ្ងារជើងតែម្តង។ សំណាងគ្មានអ្នករបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិឆេះចាន ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯង ដោយមុនដំបូងឡើយ រថយន្តម៉ាកវីហ្គោ ពណ៌ស ស្លាកលេខ ភ្នំពេញ 2P-5855 ជិះដោយជនជាតិកូរ៉េ២នាក់ ចេញពីខេត្តសៀមរាប ធ្វើដំណើរតាមដងផ្លូវខាងលើ ដើម្បីឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង តែពេលមកដល់ចំណុចកើតហេតុ ដោយសាររថយន្តបើកលឿន បូករួមនិងផ្លូវកោងខ្លាំងទៀតនោះ ក៏បណ្តាលឲ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ ក្រឡាប់ផ្ងារជើងតែម្តង។ តែសំណាងណាស់នៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបានឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូច មកស្ទូចយករថយន្តទៅធ្វើការជួសជុុសដោយខ្លួនឯង តែម្តង៕
មតិយោបល់