ភ្នំពេញៈ យុវជនម្នាក់ ស្លាប់នៅនឹងកន្លែង ចំណែក២នាក់ទៀតរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាចេញពីផ្ទះបង ត្រូវរថយន្តកៀរដួល បណ្តាលឲ្យអ្នកអង្គុយនៅខាងក្រោយខ្ទាតចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង១និង៤០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៩៦២ កែងផ្លូវលំ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុំ តុលា ភេទប្រុស អាយុ១៩ឆ្នាំ ,ចំណែកអ្នកបើកម៉ូតូឈ្មោះ យ៉ង់ ចិត្រា អាយុ២៥ឆ្នាំ និងអ្នកអង្គុយកណ្តាល មានឈ្មោះ ម៉ី សុខលី អាយុ៣២ឆ្នាំ ។
អ្នកទាំង៣នាក់មានមុខរបរ ជាងថ្នាំ ស្នាក់នៅការដ្ឋានសំណង់ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយមានស្រុកកំណើតភូមិព្រែរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះទាំង៣នាក់ បាននាំគ្នាចេញពីធ្វើការទៅផ្ទះបង នៅក្បែកន្លែងកើតហេតុ ដោយបានជិះម៉ូតូមួយឌុបគ្នាគ្រឿងម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មិនមានស្លាកលេខក្រោយ បានធ្វើដំណើរត្រឡប់ទៅកន្លែងធ្វើការវិញ ដោយជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តបើកបញ្ច្រាសទិសគ្នា មកកៀរម៉ូតូបណ្តាលឲ្យដួលធ្លាក់អ្នកអង្គុយក្រោយចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកជនរងគ្រោះ២នាក់ទៀតដែលជាឌុបនិងអង្គុយកណ្តាលរងរបួសស្រាល។
តែបើយោងតាមកាមេរ៉ាសុវត្ថិភាពនៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើតស្របជាមួយរថយន្តដឹកទឹកកក ពណ៌ខៀវ មួយគ្រឿង ខណៈមកដល់ចំណុចខាងលើ រថយន្តដឹកទឹកកកបានអកសឺជាមួយររថយន្តនៅខាងមុខ ក៏ជាន់ហ្វ្រាំងឈប់ គាប់ជួនម៉ូតូបើកមកពីក្រោយក្នុងល្បឿនលឿនបានជាន់ហ្វ្រាំងឈប់ បណ្តាលឲ្យដួលខ្ទាតអ្នកអង្គុយខាងក្រោយចូលក្រោមរថយន្តកូរ៉េ ពណ៌ស ចំណុះ៥តោន ដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យកិនស្លាប់ម្នាក់ភ្លាមៗតែម្តង។ ដោយឡែករថយន្តក្រោយហេតុការណ៍បានបើកគេចអស់តែម្តង។
តាមសម្តីយុវជនម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រោយហេតុការណ៍ភ្លាមៗ ពួកគាត់បាននាំគ្នាដេញតាមរថយន្តដឹកឥដ្ឋមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5239 រហូតមកដល់ចំណុចភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទើបទាន់រថយន្តខាងលើ និងបានប្តឹងសមត្ថកិច្ចឲ្យចុះទៅពិនិត្យរថយន្តខាងលើ ថាតើជារថយន្តបង្កឫក៏មិនមែន។
តែសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ចំពោះរថយន្តដឹកឥដ្ឋ ម៉ាហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5239 ដែលប្រជាពលរដ្ឋដេញតាមឃាត់នោះ មិនទាន់ច្បាស់នៅឡើយថា ជារថយន្តបង្កឫក៏យ៉ាងណាទេ ដោយរង់ចាំសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកពិនិត្យនិងធ្វើការស្រាវជ្រាវសិន។
បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់