សៀមរាបៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាក Ford របស់អង្គភាពកងពលអន្តរាគមន៍លេខ២ ដែលកំពុងបើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូសេ១២៥ រួចត្រូវរថយន្តស៊ាំយ៉ុងមកពីក្រោយ បុករថយន្តFord បន្ថែមទៀត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ភូមិបឹងខ្នា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះទាំង៣នាក់ខាងលើ ទី១មានឈ្មោះ លាំ លឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ ជាអ្នកបើកបរ (ស្លាប់) និងអ្នករួមដំណើរ២នាក់ទៀត ទី១ឈ្មោះ រុន រើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ (ស្លាប់) និងទី២ឈ្មោះ ឡូញ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករគ្រឿងចក្រ (របួសធ្ងន់ បាក់ជើងនិងដៃខាងឆ្វេង)។ ទាំង៣នាក់ រស់នៅភូមិ រហាលឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហ្វតរិនជ័រ ស្លាកលេខ ខេមរភូមិន្ទ 2-7648 ពណ៌ត្រេអ៉ី នៅអង្គភាពកងពលអន្តរាគមន៍លេខ២ បើកពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1E-1901 ដែលកំពុងជិះគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង ភ្លាមៗនោះស្រាប់តែមានរថយន្តស៊ាំយ៉ុង១២កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2U-7503 ពណ៌ស ដែលកំពុងបើកបរក្នុងទិសដៅពីកើតទៅលិច បានបុកពីក្រោយរថយន្តហ្វតរិនជ័របន្តពេញទំហឹងទៀតតែម្តង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់របួសធ្ងន់បែបនេះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែក សាកសពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ រីឯជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕
មតិយោបល់