-

បុរសម្នាក់ឃើញសសរបង្គោលទល់ខ្សែភ្លើងដួល ដើរទៅលើកស្រាប់តែឆ្លងចរន្តឆក់ស្លាប់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ដោយចរន្តអគ្គិសនីឆក់ ខណ:ពេលសរសរបង្គោលទល់ខ្សែភ្លើងរលំដួល ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅចំ​ណុចផ្លូវលំខាងកើតវិមានស្បូវ ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឈុន ចាក់ដេត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ បើតាមការបំភ្លឺពីឈ្មោះ ហឹម ស៊ីថា ភេទស្រី អាយុ៣២ឆ្នាំ (ជាប្រពន្ធ) បានឲ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ បានស្លៀកតែក្រមា មិនបានពាក់អាវ ទៅលើកបង្គោលសសរឈើទល់ខ្សែភ្លើង ដួលជាប់និងមាត់ទឹក ចម្ងាយពីបងដីខាងមុខផ្ទះប្រហែល១០ម ចុះក្នុងទឹកប្រឡាយហើយទាញខ្សែភ្លើងក៏ឆក់តែម្តង ពេលនោះខ្ញុំបានលោតទៅជួយ និងហៅអ្នកភូមិក្បែរនោះ មកជួយទាញយកគាត់មកលើគោក និងដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យ និងប្រាប់ថាប្តីរបស់ខ្ញុំបានស្លាប់ទៅហើយ បើតាមការពិនិត្យមើលខ្សែភ្លើងម្ខាង បានដាច់ជ័រដែលស្រោប ចេញខ្សែលួសចំនួន០២កន្លែង ហើយក្នុងពេល គាត់ចុះទៅលើកសសរបង្គោលខ្សែភ្លើងនោះ មិនបានទៅបិទគុបភ្លើងទេ ។

ប្រភពដដែលបានបញ្ជាក់ថា៖ តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ មាននគរបាលជំនាញកោសល្យវិច្ច័យ លោកមេប៉ុស្ដិ៍ លោកមេភូមិ ព្រមទាំងបងប្អូនក្រុមគ្រួសារសព បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ។ ក្រោយពិនិត្យរួចបានប្រគល់ឲ្យទៅក្រុមគ្រួសារ ចាត់​ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់