ភ្នំពេញៈ ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាសកម្មខាងលួច និងកាច់កម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ទួលសង្កែ បង្ក្រាបបានជាក់ស្តែង បន្ទាប់ពីជនសង្ស័យទាំងនេះធ្វើសកម្មភាពលួចម៉ូតូអូសរម៉ក ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចរង្វង់មូលកាំខូស៊ីធី តាមបណ្តោយផ្លូវលេខ៥៩៨ ក្រុម៥៩៨ ភូមិគងា្គផុស សង្កាត់ទួលសងែ្ក២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើ ទី១-ឈ្មោះ មាស សុខឃី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ និងម្នាក់ទៀតឈ្មោះ តិល ហាវ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ សា្នក់នៅផ្ទះជួល ក្រុម៩ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានបន្តទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង ២នាក់ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ខណៈពេលកំពុងតែជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាវ៉េវអ៉ី ពណ៌ខ្មៅ ពាក់សា្លកលេខ កែ្លងកា្លយ ភំ្នពេញ 1BG-3306 ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ហៅសួរនាំ និងឆែកឆេររកឃើញដែកសំប៉ែតចុងស្រួចសម្រាប់ឆ្កឹះសោចំនួន ២, ដែកឆាប ១, កូនសោលេខ៨ ចំនួន ១, កូនកាំបិតកៃផែ្លចម្រុះចំនួន ១ និងដាវស៊ាំម៉ូរ៉ៃ១ ប្រវែង ៨តឹក។ ក្រោយមក កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរ។
ក្រោយពីសាកសួរទៅលើជនសង្ស័យទាំង ២នាក់នេះរួចមក ពួកគេបានសារភាពថា នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ពួកគេបានដើរធើ្វសកម្មភាពលួចឆ្កឹះសោម៉ូតូអូសរម៉ក មួយគ្រឿង ម៉ាក ហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-3306 នៅម្តុំផ្សារដីហុយ ខណ្ឧសែនសុខ បានរួចមក ពួកគេក៏នាំគ្នាជិះយកមកទុកនៅផ្ទះជួលនៅសង្កាត់ទួលសង្កែ។ រហូតមកដល់យប់ថៃ្ងទី២១ ខែសីហា ឆ្នាំ២០១៧នេះ ពួកគេក៏បាននាំគ្នាជិះម៉ូតូដែលលួចបាននេះ ដើម្បីយកទៅដាក់បញ្ចាំ ខណៈដែលកំពុងតែធ្វើដំណើរតាមផ្លូវ ក៏បានជួបជាមួយកម្លាំងសមត្ថកិច្ច ហើយបានឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់