ភ្នំពេញៈ នគរបាលប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្រោយពីធ្វើសកម្មភាពលួចយកទូរសព្ទដៃ១គ្រឿង កាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយប៉ុស្តិ៍ទួលសង្កែ ស្ថិតក្នុងក្រុមទី១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២នាក់ដខាងលើ ទី១ឈ្មោះ ម៉ាត់ លី ភេទប្រុស អាយុ ២០ឆ្នាំ និងទី២ ឈ្មោះ សុខ បូន ភេទប្រុស អាយុ ១៩ឆ្នាំ បច្ចុប្បន្នអ្នកទាំង ២នាក់មានមុខរបរ មិនពិតប្រាកដ និងស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ចំណែកឯជនរងគ្រោះឈ្មោះ គឹម ហេង ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង ៦និង៣០នាទីព្រឹក ជនរងគ្រោះបានប្រញាប់ដឹកកូនរបស់ខ្លួន ដើម្បីចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបានទុកទូរសព្ទដៃ មួយគ្រឿង ម៉ាក សាមស៊ុង TOP 4 ពណ៌ស លើក្រែចោល ភ្លាមៗនោះ ជនសង្ស័យទាំង ២នាក់ខាងលើ ក៏ឃើញមានឱកាសល្អបាននាំគ្នាធ្វើសកម្មភាពលួចយកទូរសព្ទដៃនោះ ដើម្បីយកទៅដាក់បញ្ជាំ។ ក្រោយពីពួកគេទាំង ២នាក់បានដាក់បញ្ជាំរួចមក ពួកគេក៏បាននាំគ្នាត្រឡប់មកផ្ទះវិញ ដោយអង្គុយធ្វើដូចគ្មានរឿងអីកើត។ ស្រាប់តែពេលនោះ ជនរងគ្រោះបានត្រឡប់មកពីជូនកូនទៅប្រឡងរួចមក ក៏មិនបានឃើញទូរសព្ទដែលទុកនៅលើក្រែ ភ្លាមៗនោះ ជនរងគ្រោះមានការសង្ស័យមានសង្ស័យទៅលើពួកគេទាំង ២នាក់នោះ ក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនសួរនាំ។
ក្រោយពីសាកសួរទៅលើជនសង្ស័យទាំង ២នាក់នេះរួចមក ពួកគេបានសារភាពថា ខ្លួនពិតជាបានលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន ដោយបានយកទៅដាក់បញ្ជាំនៅជិតផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ បានប្រាក់ចំនួន ៤០ដុល្លារ ដើម្បីយកទៅសងគេវិញ។ ស្រាប់តែមកដល់ផ្ទះវិញ ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់