អន្តរជាតិៈ អ្នកចាំទី Joe Hart មានទំនុកចិត្តខ្ពស់ថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងបង្ហាញទម្រង់លេងល្អខ្លាំង ដែលអាចធ្វើឲ្យក្រុមដទៃមានការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ Euro 2016 ដែលចាប់ផ្ដើមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។
អ្នកចាំទីលេងនៅក្លឹបអាជីព Manchester City បានបង្ហាញចំណាប់អារម្មណ៍ថា អ្នកគ្រប់គ្នាតែងតែគិតពីបុគ្គលិកលក្ខណរបស់កីឡាករម្នាក់ៗ ថាពួកគេល្បីប៉ុណ្ណា។ ប៉ុន្តែជាការពិតទៅក្រុមអង់គ្លេសចេះសហការណ៍គ្នាលេងបានល្អបំផុត អំឡុងប៉ុន្មានប្រកួតចុងក្រោយនេះ.. ដូច្នេះអ្នករាល់គ្នានឹងដឹង ហើយទទួលថា ក្រុមអង់គ្លេសល្អប៉ុណ្ណា នៅពេលប្រកួត Euro ២០១៦ ខាងមុខនេះ”។
អ្នកចាំទីដៃស្អិតដែលជួយក្រុម Man City ឡើងដល់វគ្គ៤ក្រុមចុងក្រោយនៅ UEFA Champions League រដូវកាលនេះ បានបន្ថែមថា រូបគេតែងតែគិតដល់អ្វីដែលសមាជិកក្រុមទាំងមូលបានធ្វើពីមុនមក។ ហើយព្រឹត្តិការណ៍ខាងមុខ រូបគេរំពឹងទៅលើសមត្ថភាពយុវជនជំនាន់ក្រោយដែលមានសមត្ថភាពខ្ពស់។
ក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងពានរង្វាន់ Euro 2016 ស្ថិតក្នុងពូល B ជាមួយក្រុមរុស្ស៊ី ស្លូវ៉ាគី និងវែល ។ ដោយនៅជាមួយក្រុមទាំង៣នេះ អង់គ្លេសត្រូវគេមើលឃើញថា សង្ឃឹមច្រើន ដើម្បីឡើងទៅវគ្គបន្ដ។ ពានរង្វាន់នេះដែរ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះតទៅ ដោយប្រើរយៈពេលតែមួយខែនោះទេ ខណៈដែលប្រទេសបារាំងជាម្ចាស់ផ្ទះរៀបចំការប្រកួត៕



មតិយោបល់