កំពង់ធំៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងនគរបាលមូលដ្ឋាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារចំនួនពីរផ្សារ ស្ថិតនៅផ្សារប្រឡាយ ភូមិអង់ឃ្លាំង ឃុំប្រឡាយ ស្រុកស្ទោង មានចម្ងាយ៦០គីឡូពីទីរួមេខត្ត និងផ្សារសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារដែលបានពិនិត្យទាំងនោះឡើយ។
មន្ត្រីសាខាកាំកុងត្រូល បានបន្ដថា ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួន នៅក្នុងផ្សារទាំង២ ហើយលទ្ធផលពិនិត្យឃើញមាន ផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ច្រែះស៊ឺ ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានមន្រ្តីកាំកុងត្រូល ធ្វើកំណត់ហេតុដកហូតយកមករក្សាទុក ដើម្បីស្នើសុំ គោលការណ៍កំទេចចោលនៅពេលក្រោយ។
មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងឱកាសចុះពិនិត្យគុណភាព នៅផ្សារប្រឡាយនៅក្នុង ស្រុកស្ទោង គឺបានរកឃើញ ផលិតផលខូចគុណភាព ដែលបានដកហូតរួមមាន៖ ទឹកក្រូច ម៉ាក Mirinda ចំណុះ៣៣០L ផលិតនៅប្រទេសថៃ ទឹកក្រូច ម៉ាកFanta ចំណុះ១,២៣ L ផលិតនៅប្រទេសថៃ ទឹកសាំរ៉ៃ ចំនួន៨ដប ផលិតនៅខ្មែរ មី និងទឹកដោះគោ។
ចំណែកនៅផ្សារសានគរ ស្ថិតក្នុងស្រុកកំពង់ស្វាយ កម្លាំងជំនាញបានរកឃើញផលិតផលខូចគុណភាពដូចជា ទឹកក្រូចម៉ាក BIGចំនួនពីរដប ផលិតនៅប្រទេសថៃ ទឹកក្រូច ម៉ាកFanta ចំណុះ១,២៥ L ចំនួន៥ដប ទឹកដោះគោ ចំណុះ៣៨០g ទឹកក្រូច ម៉ាក់ pepsi និងម៉្សៅ Borax ទម្ងន់ ៣,២Kg។
ទន្ទឹមនោះ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើ ប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែ មានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៕
មតិយោបល់