ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគាត់កំពុងជិះម៉ូតូឌុបគ្នា បែរជាត្រូវរថយន្តកូរ៉េមួយគ្រឿង បើកក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹង រួចបន្តល្បឿនរត់គេចខ្លួនបាត់ស្រមោល។



ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍ប្រេងឥនន្ទៈ សំប្រាថ្នា តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ឡូ គីមឡេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីសង់ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-7521 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរស២នាក់ទៀត តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទកូរ៉េ មិនចាំស្លាកលេខ ធ្វើដំណើរតាមស្របទិសគ្នា មកពីក្រោយក្នុងល្បឿនលឿន ក៏មកបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលទៅនឹងថ្នល់ ស្លាប់បាត់បង់ជីវិតម្នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់២នាក់ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។



ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង ដើម្បីយកម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយ និងធ្វើលិខិតប្រគល់សាកសពឲ្យសាច់ញាតិជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តត្បូងឃ្មុំ ៕


មតិយោបល់