ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ បានបើកធ្វើតេស្តសាកល្បងនៃនិតិវិធីសម្រាប់ប្រជាពលរដ្ឋក្នុងការប្តូរ និងពន្យារបណ្ណបើកបរនៅមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងខែមិថុនានេះ នៅផ្សារទំនើបអ៊ីអន ជាន់ទី១។
គួរជម្រាបថា កន្លងមក ក្រសួងសាធារណការ បានស្នើបើកទីតាំងប្ដូរ និងពន្យាប័ណ្ណបើកបរជូនប្រជាពលរដ្ឋនៅផ្សារទំនើបអ៊ីអន។ ឆ្លើយតបចំពោះសំណើបង្កើតទីតាំងប្ដូរប័ណ្ណបើកបរថ្មីនេះ ភាគីផ្សារទំនើបអ៊ីអន បានសម្រេចផ្ដល់ទីតាំងទំហំ៤០ម៉ែត្រការ៉េ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងជាមួយប្រព័ន្ធទិន្នន័យក្រសួងពីចម្ងាយជាលើកដំបូង។
ទីតាំងផ្តល់សេវាសាធារណៈថ្មីនេះ នឹងជួយសម្រួលដល់ការផ្តល់ប័ណ្ណបើកបរកាន់តែលឿន និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំប្រព័ន្ធស័្វយប្រវត្តិកម្ម ក្នុងការចុះបញ្ជីប័ណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ដើម្បីធ្វើឲ្យប្រសើរឡើងដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ប្រព័ន្ធនេះ នឹងក្លាយទៅជាគន្លឹះដោះស្រាយបញ្ហាក្នុងការជំរុញឲ្យមានតម្លាភាព សន្សំពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋចំពោះសេវាសាធារណៈ ដែលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕
មតិយោបល់