ភ្នំពេញៈ បុរសម្នាក់ក្រោយពេលមានទំនាស់ជាមួយប្រពន្ធ បានយកម៉ូតូ១គ្រឿងជិះចេញពីផ្ទះ ទៅកាន់បន្ទប់ផ្ទះជួលបងស្រីរបស់ ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះពេលទៅដល់បានទុក ម៉ូតូនៅមុខបន្ទប់ជួលរួចដើរចូលទៅក្នុងបន្ទប់ ក៏ត្រូវបានជនសង្ស័យម្នាក់ដែលស្នាក់ នៅផ្ទះជួលខាងលើនោះដែរធ្វើសកម្មភាព លួចយកម៉ូតូនោះជិះគេចខ្លួនបាត់។
ហេតុករណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពេលនោះជនសង្ស័យ ជាចោរបានបន្សល់ទុកអត្តសញ្ញាណបណ្ណ១សន្លឹកនៅកន្លែងកើតហេតុ ហើយត្រូវបានយុវជនជាម្ចាស់ម៉ូតូរូបនោះនិងបងស្រីរបស់ គេបាននាំគ្នាយកអត្តសញ្ញាណបណ្ណនោះ ទៅកាន់ប៉ុស្ដិ៍នគរបាលកាកាបដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយអន្តរាគមន៍។
យុវជនដែលបាត់ម៉ូតូនោះឈ្មោះ យឿន យ៉េវ អាយុ១៩ឆ្នាំ មុខរបរព្រូឡានមានទីលំនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ចំណែក ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅមិនចាំស្លាកលេខ។ ដោយឡែកជន សង្ស័យដែលជាចោរត្រូវបានស្គាល់អត្តសញ្ញាណតាមរយៈអត្តសញ្ញាណបណ្ណឈ្មោះ ភាវ សុហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្ននៅផ្លូវលំ ភូមិទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និងស្នាក់នៅផ្ទះជួលកើតហេតុ ទើបបានរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរូបនោះបានមានទំនាស់ជាមួយប្រពន្ធបន្តិចបន្តួចប៉ុណ្ណោះ ហើយរូបគេ
បានព្យាយាមយកម៉ូតូជិះចាកចេញពីផ្ទះ ដើម្បីគេចមុខចេញពីប្រពន្ធជាបណ្ដោះអាសន្ន ប៉ុន្តែខណៈនោះប្រពន្ធបានយកសោរម៉ូតូ លាក់ទុកក្នុងបំណងមិនចង់ឲ្យប្ដីចាកចេញពីផ្ទះព្រោះតែមានរឿងបន្តិចបន្តួចនេះឡើយ។
ចំណែកយុវជនរូបនោះដោយសារតែខឹង ប្រពន្ធខ្លាំងពេក ទោះបីជាប្រពន្ធលាក់សោរម៉ូតូក្ដី បានយកម៉ូតូឲ្យជាងជួយតខ្សែកុងតាក់ដើម្បី បញ្ឆេះម៉ូតូដោយមិនបាច់ប្រើសោរ ហើយក្រោយពេលជាងតខ្សែរួចរាល់ ក៏បានជិះម៉ូតូនោះចាកចេញពីផ្ទះ ហើយបានទៅកាន់បន្ទប់ផ្ទះជួលដែលបងស្រី របស់ខ្លួនជួលស្នាក់នៅ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់បានទុកម៉ូតូនៅមុខបន្ទប់ជួល រួចបានដើរចូលទៅក្នុងបន្ទប់ ពេលនោះក៏ត្រូវបានជនសង្ស័យលួចជិះយកទៅបាត់ស្រមោលតែម្ដង៕
https://youtu.be/Pe1BRVvr1Vw
មតិយោបល់