បន្ទាយមានជ័យៈ ឪពុក និងកូនប្រសា ទៅភ្ជួរស្រែមេឃភ្លៀងរលឹម ហើយចូលជ្រកក្រោមដើមឈើ និងដូរកង់គោយន្ត ដើម្បីត្រឡប់មកផ្ទះ តែអកុសលត្រូវរន្ទះបាញ់ប្រល័យជីវិតទាំង២នាក់។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១៥ និង៤៥នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចវាលគោកទិលខាងលិចភូមិ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ ក្នុងភូមិថ្មីខាងលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ យង់ យ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ទី ២.ឈ្មោះ គឿ ផល ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាកូនប្រសា រស់នៅភូមិថ្មីខាងលិច ឃុំភូមិថ្មី ស្រុកថ្មពួក បានទៅភ្ជួរស្រែនៅចំណុចវាលគោកទិល ខាងលិចភូមិចម្ងាយប្រមាណ២គីឡូម៉ែត្រ ពេលភ្លៀងរលឹមបានបើកគោយន្តទៅឈប់ក្បែរដើមចំបក់ នាំគ្នាដោះប្ដូរកង់ដែក ដាក់កង់កៅស៊ូ ដើម្បីបើកត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវរន្ទះបាញ់ចំដើមចំបក់ ដែលជនរងគ្រោះនៅពីក្រោម បណ្ដាលឲ្យស្លាប់ទាំង២នាក់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែរន្ទះបាញ់ពិតមែន ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់