ភ្នំពេញៈ ស្ត្រីដែលជាអ្នកកត់ឆ្នោតវៀតណាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះធ្វើការបង្ក្រាបជាក់ស្តែង និងដកហូតសម្ភារៈមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលឃាត់ខ្លួននោះមានឈ្មោះ សៀង ម៉ាឡា អាយុ៣៦ឆ្នាំ (ជាអ្នកកត់ឆ្នោត) ស្នាក់នៅទីតាំងខាងលើ។
ប្រភពដដែលពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ គឺមានការសម្របសម្រួលដោយលោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខាងលើ ព្រមទាំងឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតសម្ភារៈមួយចំនួនរួមមាន ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ ប៉ិចចំនួន៣ដើម ម៉ាស៊ីនគិតលេខចំនួន១ សេរីចេញឆ្នោតមួយចំនួន និងថវិការមួយចំនួនផងដែរ។ ក្រោយពីឃាត់ខ្លួនស្ត្រីខាងលើរួចមក កម្លាំងសមត្ថកិច្ចយើងបាននាំមកកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់