ព័ត៌មានជាតិ

លួចគោបាន ពន្លះសាច់ភ្លៅអស់ចំហៀង គេចខ្លួនមួយរយៈ ត្រូវជាប់ខ្នោះ

ប៉ៃលិន: ចោរលួចគោដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិនធ្វើការស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យលួចសម្លាប់គោពន្លះយកសាច់ភ្លៅខាងស្តាំអស់មួយចំហៀង គេចខ្លួនបានមួយរយ: ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កប វណ្ណះ ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកស៊ីឈ្នួលដឹកគោ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានធ្វើកម្មភាពលួចគោយកទៅពន្លះសាច់ កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។

នគរបាលក្រុងប៉ៃលិនបានបន្តថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីម្ចាស់គោ ឈ្មោះ ទឹម ប៊ុនថាន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអូរតាពុកលើ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រួចមកកម្លាំងសមត្ថកិច្ចជំនាញនៃអធិការក្រុងប៉ៃលិន បានបើកការស្រាវជ្រាវតាមរកជនសង្ស័យ ព្រមទាំងមានសាក្សីចង្អុលបង្ហាញផងនោះ កម្លាំងយើងក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់សត្វគោនោះ និងពន្លះយកសាច់ភ្លៅពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចនៃអធិការក្រុងប៉ៃលិន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការបន្ត៕

1

er

s

មតិយោបល់