ស្វាយរៀងៈ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ នៅវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី១ ខែវិច្ឆិកា ម្សិលមិញនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអំពាវនាវឲ្យសិស្សានុសិស្សនៅទូទាំងខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ប្រសើរ ដើម្បីកសាងកិត្តិយសគ្រួសារ និងសង្គមជាតិ។
លោក បានស្នើដល់សិស្សានុសិស្សទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះគ្រឿងញៀនជាអាវុធដ៏សាហាវដែលចាំតែបំផ្លាញសុខភាព ថវិកាគ្រួសារ និង សង្គមជាតិរបស់យើង។
លោកក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ ពេលដែលធ្វើដំណើរមកសិក្សា ត្រូវតែការគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាពគ្រប់ពេលបើកបរ និងមិនត្រូវប្រើប្រាស់ទូរសព្ទដៃក្នុងពេលបើកបរនោះទេ ប្រសិនបើគ្មានការចាំបាច់។
ផ្សារភ្ជាប់នឹងកម្មវិធីបើកបវេសនកាលថ្មីនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងគណៈអភិបាលខេត្ត បានធ្វើយុទ្ធនាការបិទចំណាំងផ្លាតលើកង់ម៉ូតូសិស្សានុសិស្សក្នុង និង ក្រៅវិទ្យាល័យ ប្រជាពលរដ្ឋក្នុងក្រុង ចំនួន២ពាន់សន្លឹក ដើម្បីចូលរួមអនុវត្តច្បាប់ ក្រោមពាក្យស្លោក (ថ្ងៃនេះ ថ្ងៃស្អែក ភូមិឃុំយើងគ្មានគ្រោះថ្នាក់ចរាចរណ៍)៕






មតិយោបល់